តើអ្វីជាកម្មវិធី Individualized Education Program ឬ “IEP?”

តើអ្វីជាកម្មវិធី Individualized Education Program ឬ “IEP?”

កម្មវិធី Individualized Education Program (IEP, កម្មវិធី​អប់រំ​សម្រប​តាម​បុគ្គល) គឺជា​ការ​ពណ៌នា​លម្អិត​អំពី​ការ​បង្រៀន និង​សេវាកម្ម​ដែល​សិស្ស​មាន​ពិការភាព​ត្រូវការ ដើម្បី​ទទួល​បានការ​អប់រំ​ដែល​មាន​អត្ថន័យ។ កម្មវិធី Individualized Education Program IEP គឺជា​ឯកសារ​ដែល​រៀបរាប់​អំពី​សេវា​អប់រំ​ពិសេស​ជាក់លាក់​ដែល​កុមារ​នឹង​ទទួល​បាន។ កម្មវិធី IEP គឺជា​ឯកសារ​ផ្លូវច្បាប់ ហើយ​សិស្ស​មាន​សិទ្ធិ​ទទួល​បាន​សេវាកម្ម​ទាំងអស់​ដែល​បាន​គូសបញ្ជាក់​ក្នុង​កម្មវិធី IEP។ កម្មវិធី IEP គួរតែ​សម្រប​ទៅតាម​កុមារ​ម្នាក់ និង​តម្រូវការ​ផ្នែក​អប់រំ​របស់​គាត់ ហើយ​វា​អាច​មាន​យុទ្ធសាស្ត្រ​ដែល​មាន​ភាព​ច្នៃប្រឌិត​សម្រាប់​ផ្ដល់​សេវាកម្ម។

កម្មវិធី IEP ត្រូវតែរួមបញ្ចូល៖

  • របាយការណ៍អំពីកម្រិតនៃលទ្ធផលតាមមុខងារ និងលទ្ធផលអប់រំបច្ចុប្បន្នរបស់សិស្ស—ថាតើសិស្សធ្វើបានកម្រិតណា
  • គោលដៅអប់រំប្រចាំឆ្នាំ
  • របាយការណ៍​អំពី​របៀប​ដែល​ការ​វិវឌ្ឍ​របស់​កុមារ​នឹង​ត្រូវ​បាន​វាស់​ស្ទង់ និង​ពេលវេលា​ដែល​របាយការណ៍​ជាប្រចាំ​អំពី​ការ​វិវឌ្ឍ​របស់​កុមារ​នឹង​ត្រូវ​ផ្ដល់​ជូន
  • ការពណ៌នាអំពីសេវាកម្មទាំងអស់ដែលកុមារនឹងទទួលបានទាំងក្នុងមជ្ឈដ្ឋានថ្នាក់រៀនផ្នែកអប់រំទូទៅ និងក្នុងមជ្ឈដ្ឋានផ្នែកអប់រំពិសេស
  • ការ​ពណ៌នា​អំពី សេវាកម្ម​ដែល​ពាក់ព័ន្ធដែល​សិស្ស​នឹង​ទទួល​បាន ដូចជា​ការ​ព្យាបាល​ផ្នែក​និយាយ​និង​ភាសា ការ​ដឹកជញ្ជូន និង​ការ​ប្រឹក្សា
  • ការ​ពណ៌នា​អំពី​ការ​កែសម្រួល​កម្មវិធី​ទាំងអស់​ដែល​នឹង​ត្រូវ​ផ្ដល់​ជូន ដូចជា​សម្ភារ​សម្រាប់​អាន​ដែល​បាន​កែសម្រួល ឧបករណ៍​អាន​សម្រាប់​ការ​ប្រឡង​និង​កិច្ចការ​ផ្សេងទៀត ម៉ាស៊ីន​ថត​ខ្សែអាត់​សម្រាប់​ការ​បង្រៀន។ល។
  • ការកំណត់​ថា​តើ​សិស្ស​ត្រូវការ​ឧបករណ៍ និង​សេវាកម្ម​បច្ចេកវិទ្យា​ជំនួយ​ឬអត់។ បច្ចេកវិទ្យា​ជំនួយ​សំដៅលើ​ឧបករណ៍ ឬប្រព័ន្ធ​ដែល​រក្សា​ឬបង្កើន​សមត្ថភាព​សិស្ស ហើយ​អាច​រាប់បញ្ចូល​ទាំង​ផលិតផល​មាន​លក់​លើ​ទីផ្សារ ដូចជា​កុំព្យូទ័រ ឬក្ដារចុច​ដែល​អាច​កំណត់​តាមបំណង​ជាដើម
  • ការសម្រេចលើសិទ្ធិទទួលបានការអប់រំផ្លូវកាយដែលមានការសម្រប និងរបៀបផ្ដល់ការអប់រំប្រភេទនេះ ប្រសិនបើមានសិទ្ធិ
  • ការពណ៌នាថាតើសិស្សនឹងចូលរួមក្នុងសកម្មភាព និងថ្នាក់អប់រំទូទៅដោយរបៀបណា ហើយបញ្ជាក់មូលហេតុ ប្រសិនបើអត់ទេ
  • កន្លែង​ស្នាក់នៅ​ទាំងឡាយ​ដែល​សិស្ស​នឹង​ទទួល​បាន​សម្រាប់​ការប្រើ​សេវាកម្ម​ឆ្នាំ​សិក្សា​បន្ថែម ប្រសិនបើ​កំណត់​ថា​ចាំបាច់​ដោយក្រុម IEP​
  • ការអន្តរាគមដោយទាស់ចិត្តដែលតម្រូវសម្រាប់សិស្ស ប្រសិនបើមាន
  • ទីតាំង រយៈពេល និងភាពញឹកញាប់នៃសេវាដែលត្រូវផ្ដល់
  • កាលបរិច្ឆេទដែលសេវាកម្មនឹងចាប់ផ្ដើម
  • ការ​ចាប់ផ្ដើម​មិន​ក្រោយពេល​ដែល​កម្មវិធី IEP ចាប់ផ្ដើម​សុពលភាព​នៅពេល​សិស្ស​គ្រប់​អាយុ 16 ឆ្នាំ ឬតិច​ជាង​នេះ​ប្រសិនបើ​កំណត់​ថា​សមស្រប​ដោយក្រុម IEP1) គោលដៅ​ក្រោយ​មធ្យមសិក្សា​ដែល​អាច​វាស់​ស្ទង់​បាន​សមស្រប និង 2) សេវាកម្ម​កែប្រែ​ស្ថានភាព​ដែល​ចាំបាច់​ដើម្បី​ជួយ​សិស្ស​ឱ្យ​ឈាន​ដល់​គោលដៅ​ទាំងនោះ។

លើសពីនេះ សិស្សដែលធ្វើការវាយតម្លៃផ្សេងក៏ត្រូវតែរួមបញ្ចូលចំណុចខាងក្រោមក្នុងកម្មវិធី IEP របស់ខ្លួនផងដែរ៖

  • ការពណ៌នាអំពីចំណុចគោល ឬគោលដៅរយៈពេលខ្លី
  • របាយការណ៍អំពីមូលហេតុដែលសិស្សមិនអាចចូលរួមក្នុងការវាយតម្លៃធម្មតាបាន
  • របាយការណ៍អំពីមូលហេតុដែលការវាយតម្លៃផ្សេងមានភាពសមស្របសម្រាប់សិស្ស។

តើកូនរបស់ខ្ញុំ​នឹង​ទទួល​បាន​កម្មវិធី IEP យ៉ាង​ឆាប់​បំផុត​នៅពេល​ណា​បន្ទាប់ពី​ការវាយតម្លៃ​ដំបូង ប្រសិនបើ​គាត់​មាន​លក្ខខណ្ឌ​គ្រប់គ្រាន់​ដើម្បី​ទទួល​បានការ​អប់រំ​ពិសេស?

ក្នុងរយៈពេល 30 ថ្ងៃ​ប្រតិទិន​បន្ទាប់ពី​ការសម្រេច​ថា​សិស្ស​មាន​លក្ខខណ្ឌ​គ្រប់គ្រាន់​ដើម្បី​ទទួល​បានការ​អប់រំ​ពិសេស កិច្ចប្រជុំ IEP ត្រូវតែ​ធ្វើឡើង។ បន្ទាប់ពី​មណ្ឌល​សិក្សាធិការ​កំណត់​ថា​សិស្ស​មាន​លក្ខខណ្ឌ​គ្រប់គ្រាន់​ដើម្បី​ទទួល​បានការ​អប់រំ​ពិសេស​ហើយ មណ្ឌល​មាន​ពេល 30 ថ្ងៃ​ប្រតិទិន (មិនមែន​ថ្ងៃ​សិក្សា​ទេ) ក្នុង​ការ​បើក​កិច្ចប្រជុំ IEP និង​រៀបចំ​គម្រោង​ដែល​សម្រប​តាម​សិស្ស។

តើនរណារៀបចំកម្មវិធី IEP?

ក្រុម IEP កើតចេញពីមនុស្សដែលអាចជួយរៀបចំកម្មវិធីអប់រំរបស់សិស្ស។ មនុស្សមួយក្រុមទទួលខុសត្រូវលើការសរសេរ និងការអនុម័តកម្មវិធី IEP។ មនុស្សខាងក្រោមគឺជាផ្នែកមួយនៃក្រុម IEP ហើយជាទូទៅគួរតែមានវត្តមានក្នុងកិច្ចប្រជុំ IEP ទាំងអស់៖

  • មាតាបិតា ឬអាណាព្យាបាល
  • យ៉ាងហោចណាស់​ម្នាក់​ក្នុងចំណោម​គ្រូបង្រៀន​ផ្នែក​អប់រំ​ទូទៅ​របស់​សិស្ស (ប្រសិនបើ​សិស្ស​កំពុង ឬប្រហែលជា​កំពុង​ចូលរួម​ក្នុង​មជ្ឈដ្ឋាន​អប់រំ​ទូទៅ)
  • យ៉ាងហោចណាស់ម្នាក់ក្នុងចំណោមគ្រូបង្រៀនផ្នែកអប់រំពិសេសរបស់សិស្ស ឬអ្នកផ្ដល់សេវាអប់រំពិសេស ប្រសិនបើសមស្រប
  • អ្នកតំណាង​របស់​មណ្ឌល​ដែល​មាន​លក្ខណ​សម្បត្តិ​គ្រប់គ្រាន់​ក្នុង​ការអប់រំ​កុមារ​មាន​ពិការភាព ហើយ​យល់ដឹង​អំពី​កម្មវិធី​សិក្សា​ទូទៅ ក៏ដូចជា​ធនធាន​ដែល​មាន​ផ្ដល់​ជូន (ដូចជា​ប្រធាន​ផ្នែក​អប់រំ​ពិសេស​ជាដើម)
  • បុគ្គល​ដែល​អាចប​កស្រាយ​ទិន្នន័យ​អំពី​ការវាយតម្លៃ (អាច​ជា​បុគ្គល​ម្នាក់​ក្នុងចំណោម​មនុស្ស​ខាងលើ ឬអ្នក​ចិត្តសាស្ត្រ​របស់​សាលារៀន)
  • អ្នកផ្សេងទៀតដែលមានចំណេះដឹង ឬជំនាញពិសេសពាក់ព័ន្ធនឹងកុមារ ទៅតាមឆន្ទានុសិទ្ធិរបស់មាតាបិតា ឬមណ្ឌល
  • សិស្ស (ប្រសិនបើសមស្រប)
  • អ្នកផ្ដល់សេវាកម្មកែប្រែស្ថានភាព (ដូចជាអ្នកជំនាញផ្នែកវិជ្ជាជីវៈ ឬនរណាម្នាក់ដែលមកពីទីភ្នាក់ងារខាងក្រៅដូចជា Division of Developmental Disabilities (DDD, អង្គភាពទទួលបន្ទុកផ្នែកពិការភាពដែលមានការអភិវឌ្ឍ))។

អ្នក​ផ្សេងទៀត​អាច​ចូលរួម​ក្រុម IEP បាន។ ច្បាប់​ចែង​យ៉ាង​ច្បាស់លាស់​ថា​អនុញ្ញាត​ឱ្យ​អ្នក​ផ្សេងទៀត​ដែល មានចំណេះ​ដឹង ឬជំនាញ​ពិសេស​ពាក់ព័ន្ធ​នឹង​កុមារចូលរួម​ក្នុង​ក្រុម IEP។ នេះ​មានន័យថា ក្រុម IEP អាច​រួមបញ្ចូល​សាច់ញាតិ គ្រួសារ មិត្ត​ភ័ក្តិ សមាជិក​ក្នុង​សហគមន៍ អ្នកព្យាបាល និង​អ្នកតស៊ូ​មតិ។ មណ្ឌល ឬមាតាបិតា​សម្រេច​ថា​តើន​រណា​មានចំណេះ​ដឹង ឬជំនាញ​ពាក់ព័ន្ធ​នឹង​កុមារ។ ប្រសិនបើ​មាន​មនុស្ស​ដែល​អ្នក​គិតថា​គួរតែ​រាប់បញ្ចូល​ក្នុង​ក្រុម IEP របស់​កុមារ សូមកុំ​ភ្លេច​ប្រាប់​ទៅ​សាលារៀន ដើម្បី​ឱ្យ​ពួក​គេ​អាច​ទទួល​បានការ​អញ្ជើញ។ ទោះ​យ៉ាងណា ក្រោម​ច្បាប់ IDEA និង​ច្បាប់​រដ្ឋ​ស្ដីពី​ការអប់រំ​ពិសេស សមាជិក​ក្រុម IEP ប្រហែលជា​មិន​តម្រូវ​ឱ្យ​ចូលរួម​គ្រប់​កាលៈទេសៈ​នោះ​ទេ។ សមាជិក​ក្រុម IEP ដែល​បាន​រៀបរាប់​ខាងលើ​មិន​តម្រូវ​ឱ្យ​ចូលរួម​កិច្ចប្រជុំ IEP ទេ ប្រសិនបើ​ផ្នែក​នៃ​កម្មវិធី​សិក្សា​របស់​សមាជិក​នោះ​មិនមែន​ជា​ប្រធានបទ​នៃ​កិច្ចប្រជុំ ហើយ​មាតាបិតា និង​មណ្ឌល​សិក្សាធិការ​ឯកភាព​ជា​លាយលក្ខណ៍​អក្សរ​ថា វត្តមាន​របស់​គាត់​គឺ​មិន​ចាំបាច់។ ឧទាហរណ៍ អ្នកផ្ដល់​សេវា​ផ្នែក​និយាយ និង​ភាសា​ប្រហែលជា​មិន​តម្រូវ​ឱ្យ​ចូលរួម​ទេ ប្រសិនបើ​សេវាកម្ម​ផ្នែក​និយាយ​មិនមែន​ជា​ប្រធានបទ​នៃ​កិច្ចប្រជុំ IEP ហើយ​មាតាបិតា និង​មណ្ឌល​សិក្សាធិការ​ឯកភាព​គ្នា​ជា​លាយលក្ខណ៍​អក្សរ​ថា អ្នកផ្ដល់​សេវា​ផ្នែក​និយាយ និង​ភាសា​មិន​ចាំបាច់​ចូលរួម​ទេ ដោយសារ​គោលបំណង​នៃ​កិច្ចប្រជុំ​គឺ​ពិភាក្សា​អំពី​ផែនការ​អន្តរាគមន៍​លើ​ឥរិយាបថ​សិស្ស​ប៉ុណ្ណោះ។ លើស​ពីនេះ សមាជិក​ក្រុម IEP អាច​ត្រូវ​បាន​លើកលែង​ពី​កិច្ចប្រជុំ ទោះបីជា​កិច្ចប្រជុំ​និយាយ​អំពី​ការ​កែសម្រួល ឬការពិភាក្សា​អំពី​ផ្នែក​របស់​សមាជិក​ក្រុម​នោះ​ក៏ដោយ ប្រសិនបើ​មាតាបិតា និង​មណ្ឌល​សិក្សាធិការ​ឯកភាព​គ្នា​ជា​លាយលក្ខណ៍​អក្សរ។ ទោះ​យ៉ាងណា សមាជិក​ក្រុម IEP ដែល​ត្រូវ​បាន​លើកលែង​ត្រូវតែ​ដាក់​លិខិត​បញ្ចេញមតិ​យោបល់​ក្នុង​ការ​អភិវឌ្ឍ​កម្មវិធី IEP ទៅ​មាតាបិតា និង​មណ្ឌល​សិក្សាធិការ​មុន​ពេល​ប្រជុំ។

តើធ្វើម៉េចទើបខ្ញុំដឹងថា ក្រុម IEP ប្រជុំនៅពេលណា?

មណ្ឌល​ត្រូវតែ​ជូនដំណឹង​ទៅ​មាតាបិតា​អំពី​គោលបំណង​នៃ​កិច្ចប្រជុំ IEP ពេលវេលា និង​ទីតាំង ក៏ដូចជា​អ្នក​ដែល​នឹង​ចូលរួម។ មណ្ឌល​ត្រូវតែ​ជូនដំណឹង​ឱ្យ​បាន​មុន​ពេល​គ្រប់គ្រាន់ ដើម្បី​ឱ្យ​ប្រាកដ​ថា​មាតាបិតា​មានឱកាស​ចូលរួម។ កិច្ចប្រជុំ​គួរតែ​កំណត់ពេល​ដោយមាន​ការ​ឯកភាព​ទាំងសងខាង​អំពី​ពេលវេលា និង​ទីកន្លែង។ ប្រសិនបើ​មាតាបិតា និង​មណ្ឌល​សិក្សាធិការ​ឯកភាព កិច្ចប្រជុំ​ក៏អាច​ធ្វើឡើង​តាម​ទូរសព្ទ ឬវីដេអូ​បាន​ផង​ដែរ។

តើខ្ញុំអាចចូលរួមចំណែកអ្វីខ្លះក្នុងកម្មវិធី IEP?

មតិយោបល់​ពី​មាតាបិតា និង​អ្នក​ផ្សេងទៀត​ដែល​ស្គាល់​សិស្ស ហើយ​យកចិត្ត​ទុកដាក់​អំពី​ភាព​ជោគជ័យ​របស់​គាត់​គឺជា​គន្លឹះ​ក្នុង​ការបង្កើត​កម្មវិធី​អប់រំ​ពិសេស​ដែល​មានប្រសិទ្ធភាព។ មាតាបិតា​គឺជា​ផ្នែក​ដ៏​សំខាន់​នៃ​ក្រុម IEP និង​អាច​មានគំនិត​ពិ​សេសៗមួយចំនួន​អំពី​មនុស្ស​មានប្រយោជន៍​ផ្សេងទៀត​ដែល​គួរ​រាប់បញ្ចូល។ ក្រុម IEP ត្រូវតែ​ពិចារណា​អំពី​ដែន​កំណត់ នៅពេល​ធ្វើ​ផែនការ។ អ្នក​គួរតែ​ប្រាប់​ឱ្យ​សាលារៀន​បានដឹង ប្រសិនបើ​មាន​អ្នក​ផ្សេងទៀត​ដែល​អ្នក​គិតថា​អាច​ចូលរួម​ចំណែក​ក្នុង​ដំណើរការ​នេះ។ ផ្នែក​ដ៏​សំខាន់​មួយ​នៃ​តួនាទី​របស់​អ្នក​ក្នុងនាម​ជា​អ្នកតស៊ូ​មតិ​គឺ​ត្រូវ​វិភាគ​អំពី​កម្មវិធី និង​សេវា​អប់រំ​ដែល​ផ្ដល់​ជូន​ដោយ​មណ្ឌល​សិក្សាធិការ។ ឧទាហរណ៍ តើ​គោលដៅ និង​វត្ថុបំណង​សម​ហេតុផល​ទេ តាម​ការយល់​ដឹង​របស់​អ្នក​អំពី​ពិការភាព​របស់​កូន​អ្នក? តើ​ប្រភេទ​សេវា​ដែល​ណែនាំ​ដោយ​មណ្ឌល​នឹង​ធ្វើ​ឱ្យ​មានការ​ផ្លាស់ប្ដូរ​សម្រាប់​កូន​របស់​អ្នក​ទេ? ប្រសិនបើ​អ្នកមាន​មតិយោបល់​សម្រាប់​កែ​លម្អ​ផែនការ​អប់រំ អ្នក​គួរតែ​បញ្ចេញ​នៅក្នុង​កិច្ចប្រជុំ​ក្រុម IEP។ អ្នក​ក៏អាច​បន្ថែម​ទស្សនៈ និង​គំនិត​ច្នៃ​ប្រឌិត​ថ្មីៗទៅលើ​ដំណើរការ​នេះ​បាន​ផង​ដែរ។ សូម​គិត​អំពី​វិធី​ធ្វើ​ឱ្យ​កូន​របស់​អ្នកចូលរួម ដែល​អ្នកអប់រំ​ប្រហែលជា​មិនបាន​ពិចារណា។ ឧទាហរណ៍ ប្រសិនបើ​រង្វាន់​ពី​សកម្មភាព​ពិសេស ឬពេល​លេង​កីឡា​ជំរុញ​ឱ្យ​កូន​របស់​អ្នកធ្វើ​កិច្ចការ​នៅផ្ទះ នោះ​រង្វាន់​ស្រដៀងគ្នា​សម្រាប់​ការ​បញ្ចប់​កិច្ចការ​សាលា​អាច​ផ្ដល់​នៅ​សាលារៀន​ផង​ដែរ។ ឬប្រហែលជា​អ្នកដឹង​ថា កូន​របស់​អ្នកមាន​បញ្ហា​ពិបាក នៅពេល​មាន​អ្វី​ធ្វើ​ឱ្យ​បែកអារម្មណ៍ មនុស្ស និង​សំឡេង​រំខាន​ច្រើន។ អ្នក​អាច​លើកឡើង​ថា កូន​របស់​អ្នក​គួរតែ​ប្ដូរ​ថ្នាក់​នៅមុន ឬក្រោយ​សិស្ស​ទាំងអស់​ប្ដូរ​ថ្នាក់។

តើកម្មវិធី IEP ដោះស្រាយបញ្ហាឥរិយាបថដោយរបៀបណា?

កម្មវិធី IEP គួរតែ​រួមបញ្ចូល​ការវាយតម្លៃ​ឥរិយាបថ​តាម​មុខងារ និង​ផែនការ​អន្តរាគមន៍​លើ​ឥរិយាបថ ប្រសិនបើ​មាន​បញ្ហា​ឥរិយាបថ។ សម្រាប់​សិស្ស​ដែល​មាន​ឥរិយាបថ​រាំងស្ទះ​ដល់​ការសិក្សា​របស់​ខ្លួន ឬការសិក្សា​របស់​សិស្ស​ផ្សេងទៀត កម្មវិធី IEP គួរតែ​ផ្ដល់​គោលដៅ និង​វត្ថុបំណង​សម្រាប់​កែ​លម្អ​ឥរិយាបថ និង​យុទ្ធសាស្ត្រ​សម្រាប់​ដោះស្រាយ​បញ្ហា។ អ្វី​ដែល​សំខាន់​គឺ​ត្រូវ​ចងចាំ​ថា ឥរិយាបថ​របស់​សិស្ស​អាច​ពាក់ព័ន្ធ​នឹង​ពិការភាព​របស់​គាត់។ កម្មវិធី IEP គួរតែ​រំពឹង​ទុក​នូវ​បញ្ហា​ឥរិយាបថ និង​បង្កើត​វិធី​មានប្រសិទ្ធភាព​ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​ទាំងនោះ​មុន​ពេល​ដែល​វា​កើតឡើង។

តើពេលណាដែលកម្មវិធី IEP ត្រូវបានត្រួតពិនិត្យ ឬកែសម្រួល?

យ៉ាងហោចណាស់​ម្ដង​ក្នុង​មួយឆ្នាំ ប៉ុន្តែ​ញឹកញាប់​ជាង​នេះ​ប្រសិនបើ​សមាជិក​ក្រុម IEP ស្នើសុំ។ កម្មវិធី IEP គួរតែ​ត្រូវ​បាន​ត្រួតពិនិត្យ​យ៉ាងហោចណាស់​ម្ដង​ក្នុង​មួយឆ្នាំ។ ទោះ​យ៉ាងណា មណ្ឌល​ត្រូវតែ​អនុវត្ត​តាមកម្ម​វិធី IEP ទោះបីជា​វា​ផុតកំណត់​ត្រូវ​ត្រួតពិនិត្យ​ហើយក៏​ដោយ។ នៅ​ចុងឆ្នាំ ក្រុម IEP ត្រូវតែ​ជួបជុំគ្នា​ដើម្បី​ត្រួតពិនិត្យ​លើ​កម្មវិធី​អប់រំ និង​កំណត់​ថា​តើ​កំពុង​សម្រេច​តាម​គោលដៅ​ប្រចាំឆ្នាំ​របស់​សិស្ស​ឬអត់។ កម្មវិធី IEP ត្រូវតែ​មានការ​កែសម្រួល ប្រសិនបើ​ការសិក្សា​របស់​សិស្ស​មិន​មានការ​វិវឌ្ឍ ឬមាន​ព័ត៌មាន​ថ្មី​អំពី​សិស្ស។ កម្មវិធី IEP ក៏​គួរតែ​រំពឹង​ទុក​នូវ​ការផ្លាស់ប្ដូរ​តម្រូវការ​របស់​សិស្ស នៅពេល​ដែល​គាត់​ពេញវ័យ​ផង​ដែរ។ កម្មវិធី IEP ក៏អាច​ត្រួតពិនិត្យ​បាន​គ្រប់ពេល​តាម​សំណើ​របស់​សមាជិក​ក្រុម ឬនៅ​ពេល​កាលៈទេសៈ​មានការ​ប្រែប្រួល។ ទោះ​យ៉ាងណា ក្រោម​ច្បាប់ IDEA និង​ច្បាប់​រដ្ឋ​ស្ដីពី​ការអប់រំ​ពិសេស ឥឡូវនេះ​ការផ្លាស់ប្ដូរ​អាច​ធ្វើឡើង​ចំពោះ​កម្មវិធី IEP របស់​កុមារ បន្ទាប់ពី​កិច្ចប្រជុំ​ត្រួតពិនិត្យ​ប្រចាំឆ្នាំ​ដោយ​មិន​ចាំបាច់​មាន​កិច្ចប្រជុំ IEP ប្រសិនបើ​មាតាបិតា និង​មណ្ឌល​ឯកភាព​ឱ្យធ្វើ​ដូច្នេះ។ ក្នុងករណី​នេះ អាច​ប្រើ​ឯកសារ​ជា​លាយលក្ខណ៍​អក្សរ​ដើម្បី​កែប្រែ ឬកែសម្រួល​កម្មវិធី IEP របស់​កុមារ​បាន។ តាម​សំណើ​របស់​មាតាបិតា មណ្ឌល​សិក្សាធិការ​ត្រូវតែ​ផ្ដល់​ឱ្យ​មាតាបិតា​នូវ​ច្បាប់​ចម្លង​នៃ​កម្មវិធី IEP ដែល​បាន​កែសម្រួល ដែល​រួមបញ្ចូល​ការ​កែ​ប្រែ​ផ្សេងៗ។ ប្រសិនបើ​អ្នក​គិតថា កម្មវិធី IEP ឬសេវា​អប់រំ​ពិសេស​របស់​កូន​អ្នក​បាន​ផ្លាស់ប្ដូរ សូម​សួររក​ច្បាប់​ចម្លង​នៃ​កម្មវិធី IEP ថ្មី​បំផុត​ពី​មណ្ឌល រួម​ទាំង​ការ​កែប្រែ​ជា​លាយលក្ខណ៍​អក្សរ​នានា​ដែល​បាន​ធ្វើតាម​រយៈ​កិច្ច​ព្រមព្រៀង។ ក្រោម​ច្បាប់ IDEA មណ្ឌល​សិក្សាធិការ​ក៏​ត្រូវ​បាន​លើកទឹកចិត្ត​ឱ្យ​កាត់បន្ថយ​ចំនួន​កិច្ចប្រជុំ IEP ដែល​ធ្វើឡើង​សម្រាប់​សិស្ស​ម្នា​ក់ៗក្នុង​មួយឆ្នាំ​ផង​ដែរ ដោយ​លើកទឹកចិត្ត​ឱ្យ​បង្រួម​កិច្ចប្រជុំ​ក្រុម IEP បញ្ចូល​គ្នា។

ចុះបើមានការ​ផ្លាស់ប្ដូរ​ចំពោះ​កម្មវិធី IEP របស់​កូន​ខ្ញុំ​ដោយ​គ្មាន​ការអនុញ្ញាត​ពី​ខ្ញុំ?

សូម​ពិភាក្សា​ជាមួយ​សាលា​រៀ​នភ្លាមៗអំពី​ក្ដី​កង្វល់​របស់​អ្នក។ អ្នក​គឺជា​ផ្នែក​មួយ​នៃ​ក្រុម IEP ហើយ​ត្រូវតែ​រាប់បញ្ចូល​ក្នុង​ការសម្រេច​ចិត្ត​ទាំងអស់​អំពី​ការរៀបចំ​កម្មវិធី​អប់រំ​ពិសេស​របស់​កូន​អ្នក។ ប្រសិនបើ​អ្នក​មិន​អាច​ដោះស្រាយ​បញ្ហា​មិន​ឯកភាព​គ្នា​ក្រៅផ្លូវការ​ដោយ​ជជែក​ជាមួយ​បុគ្គលិក​សាលារៀន​បានទេ សូម​អាន​អំពី​ការ​ដោះស្រាយ​វិវាទ​នៃ​ផ្នែក​ទី VII ក្នុង​ឯកសារ​បោះពុម្ព​ផ្សាយ​នេះ ដើម្បី​ដឹងពី​ជម្រើស​បន្ថែម។

បន្ទាប់ពី​កូន​របស់ខ្ញុំ​មាន​លក្ខណ​សម្បត្តិ​គ្រប់គ្រាន់​ដើម្បី​ទទួល​បានការ​អប់រំ​ពិសេស តើមាន​ការវាយតម្លៃ​បន្ថែម​ទេ?

មាន សិស្ស​ដែល​មាន​ពិការភាព​គួរតែ​ត្រូវ​បាន​វាយតម្លៃ​យ៉ាងហោចណាស់​រៀងរាល់​បី​ឆ្នាំ​ម្ដង និង​ញឹកញាប់​ជាង​នេះ​ប្រសិនបើ​ចាំបាច់។ ទោះបីជា​ត្រូវ​ត្រួតពិនិត្យ​កម្មវិធី IEP ម្ដង​ក្នុង​មួយឆ្នាំ​ក៏ដោយ ក៏​ការវាយតម្លៃ​ឡើងវិញ​លើ​សិស្ស​ដែល​មាន​ពិការភាព​មិន​ចាំបាច់​ធ្វើឡើង​ញឹកញាប់​បែបនេះ​ដែរ។ ការវាយតម្លៃ​ឡើងវិញ​ត្រូវតែ​ធ្វើឡើង​យ៉ាងហោចណាស់​រៀងរាល់​បី​ឆ្នាំ​ម្ដង។ មាតាបិតា និង​មណ្ឌល​សិក្សាធិការ​អាច​ព្រមព្រៀង​គ្នា​ថា មិន​ចាំបាច់​ធ្វើការ​វាយតម្លៃ​ឡើងវិញ​ក្នុងរយៈពេល​បី​ឆ្នាំ។ ទោះ​យ៉ាងណា ជា​ធម្មតា​ការវាយតម្លៃ​ក្នុងរយៈពេល​បី​ឆ្នាំនេះ​ផ្ដល់​ព័ត៌មាន​ដ៏​សំខាន់​អំពី​ការ​វិវឌ្ឍ​របស់​សិស្ស​ដល់​មាតាបិតា និង​មណ្ឌល​សិក្សាធិការ។ សាក​ស្រមៃ​អំពី​ការផ្លាស់ប្ដូរ​ដែល​សិស្ស​ឆ្លងកាត់​ក្នុងរយៈពេល​បី​ឆ្នាំ ពី​បឋមសិក្សា​/អនុវិទ្យាល័យ​ដល់​វិទ្យាល័យ! សូម​គិត​ដោយ​យកចិត្ត​ទុកដាក់​មុន​ពេល​ព្រមព្រៀង​ថា​មិន​ធ្វើតេស្ត​លើ​កូន​របស់​អ្នក​ឡើងវិញ ដោយសារ​ចំណុច​ជាច្រើន​អាច​មានការ​ប្រែប្រួល​ក្នុងរយៈពេល​បី​ឆ្នាំ​ដែល​កន្លង​ផុត​ទៅ ចាប់តាំងពី​ការវាយតម្លៃ​លើក​ចុងក្រោយ។ សិស្ស​អាច​ត្រូវ​បាន​វាយតម្លៃ​ឡើងវិញ​លឿន​ជាង​នេះ ប្រសិនបើ​មណ្ឌល​សិក្សាធិការ​កំណត់​ថា​តម្រូវការ​លើ​សេវាកម្ម និង​ការអប់រំ​របស់​កុមារ​បង្ហាញថា​ត្រូវ​មានការ​វាយតម្លៃ​ឡើងវិញ (ចំណុច​នេះ​រាប់បញ្ចូល​ទាំង​កាលៈទេសៈ​ដែល​កុមារ​មានការ​រីកចម្រើន​ផង​ដែរ) ឬប្រសិនបើ​មាតាបិតា ឬគ្រូបង្រៀន​ស្នើ​ឱ្យធ្វើ​ការវាយតម្លៃ​ឡើងវិញ។ ទោះ​យ៉ាងណា ការវាយតម្លៃ​ឡើងវិញ​មិន​អាច​ធ្វើឡើង​ញឹកញាប់​ជាង​មួយដង​ក្នុង​មួយឆ្នាំ​បានទេ លុះត្រាតែ​មាតាបិតា និង​មណ្ឌល​ព្រមព្រៀង​គ្នា​ថា​ចាំបាច់​ត្រូវ​ធ្វើការ​វាយតម្លៃ។ គោលបំណង​នៃ​ការវាយតម្លៃ​ឡើងវិញ​គឺ​ដើម្បី​កំណត់៖

  1. ថាតើសិស្សបន្តបំពេញតាមលក្ខខណ្ឌទទួលបានឬអត់
  2. តើសេវាកម្មបន្ថែមអ្វីខ្លះដែលត្រូវការដើម្បីបំពេញតាមគោលដៅនៃកម្មវិធី IEP
  3. កម្រិតបច្ចុប្បន្ននៃសមិទ្ធផលសិក្សា និងតម្រូវការក្នុងការវិវឌ្ឍរបស់សិស្សដែលពាក់ព័ន្ធ។

ក្រុម IEP ត្រូវតែ​ត្រួតពិនិត្យ​ទិន្នន័យ​អំពី​ការវាយតម្លៃ​ដែល​មានស្រាប់​សម្រាប់​សិស្ស និង​សម្រេច​ថា​តើ​ការ​ធ្វើតេស្ត​បន្ថែម​អ្វីខ្លះ (ប្រសិនបើ​មាន) ដែល​ត្រូវការ​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំង​បី​ខាងលើ។

តើកូនដែល​មាន​ពិការភាព​របស់ខ្ញុំ​នឹង​ទទួល​បាន​សេវាកម្ម​ដូច​ការ​រៀបរាប់​ក្នុង​កម្មវិធី IEP របស់​គាត់​នៅកន្លែង​ណា?

សិស្ស​ដែល​មាន​ពិការភាព​ត្រូវតែ​ទទួល​បានការ​អប់រំ​ក្នុង​មជ្ឈដ្ឋាន​អប់រំ​ដែល​មិនសូវ​តឹងរ៉ឹង​បំផុត ហើយ​វា​អាច​ជា​ថ្នាក់​អប់រំ​ទូទៅ។ គោលការណ៍​សំខាន់​នៃ​ច្បាប់ IDEA គឺថា សិស្ស​ដែល​មាន​ពិការភាព​គួរតែ​រួមបញ្ចូល​ក្នុង​កម្មវិធី​អប់រំ​ទូទៅ​ឱ្យ​បាន​ញឹកញាប់​បំផុត​តាមដែល​អាច​ធ្វើ​បាន ហើយ​មិន​ដកចេញ ឬអប់រំ​ដាច់ដោយឡែក​នោះ​ទេ។ កុមារ​ដែល​មាន​ពិការភាព​មាន​សិទ្ធិ​ទទួល​បានការ​អប់រំ​ក្នុង​មជ្ឈដ្ឋាន​អប់រំ​ដែល​មិនសូវ​តឹងរ៉ឹង​បំផុត។ នេះ​មានន័យថា​ក្រុម IEP ត្រូវតែ​ពិចារណា​អប់រំ និង​ផ្ដល់​សេវា​ដល់​សិស្ស​ក្នុង​មជ្ឈដ្ឋាន​តែមួយ​ជាមួយនឹង​សិស្ស​ដែល​គ្មាន​ពិការភាព​សម្រាប់​សកម្មភាព​សិក្សា មិនមែន​សិក្សា និង​ក្រៅ​កម្មវិធី​សិក្សា។ សិស្ស​ដែល​មាន​ពិការភាព​អាច​ត្រូវ​បាន​ដកចេញ​ពី​មជ្ឈដ្ឋាន​ថ្នាក់​អប់រំ​ទូទៅ​បាន លុះត្រាតែ​តម្រូវការ​មាន​ភាព​ធ្ងន់ធ្ងរ ឬមាន​បញ្ហា​រហូតដល់​គាត់​មិន​អាច​មានការ​វិវឌ្ឍ​ក្នុង​ការអប់រំ ទោះបីជា​មានការ​ផ្ដល់​ជំនួយ និង​សេវាកម្ម​បន្ថែម​ក្នុង​ថ្នាក់​អប់រំ​ទូទៅ​ក៏ដោយ។ មិនមែន​សិស្ស​ទាំងអស់​ដែល​មាន​ពិការភាព​សុទ្ធតែ​អាច​ជោគជ័យ​ក្នុង​ថ្នាក់​អប់រំ​ទូទៅ​ដោយ​គ្មាន​ជំនួយ​នោះ​ទេ។ សិស្ស​មួយចំនួន​ត្រូវការ​ជំនួយ​ដាច់ដោយឡែក​ពី​ជំនួយការ​គ្រូបង្រៀន​នៅក្នុង​ថ្នាក់ ឬការ​កែសម្រួល​កម្មវិធី​សិក្សា ខ្លឹមសារ ឬវិធីសាស្ត្រ​បង្រៀន។ សិស្ស​ផ្សេងទៀត​ត្រូវការ​មជ្ឈដ្ឋាន​ខុសគ្នា​ទាំងស្រុង ដូចជា​ការសិក្សា​នៅ​ថ្ងៃ​ពិសេស ឬការ​បង្រៀន​នៅផ្ទះ​ជាដើម។ រាល់​មណ្ឌល​សិក្សាធិការ​ត្រូវតែ​ធានា​ថា មាន​មជ្ឈដ្ឋាន​អប់រំ​ជាច្រើន​សម្រាប់​សិស្ស​ដែល​មាន​ពិការភាព ដោយសារ​សិស្ស​ដែល​មាន​ពិការភាព​មួយចំនួន​ត្រូវការ​លើស​ពី​អ្វី​ដែល​អាច​ផ្ដល់​ជូន​នៅក្នុង​មជ្ឈដ្ឋាន​អប់រំ​ទូទៅ។ សិស្ស​ត្រូវតែ​ទទួល​បានការ​អប់រំ​ក្នុង​មជ្ឈដ្ឋាន​អប់រំ​ទូទៅ​ដែល​ស្រដៀងគ្នា​បំផុត​ទៅ​នឹង​ថ្នាក់​អប់រំ​ទូទៅ ប៉ុន្តែ​នៅតែ​អាច​ឱ្យ​សិស្ស​មានការ​វិវឌ្ឍ​ក្នុង​ការសិក្សា។ ជួនកាល​គេ​ហៅ​មជ្ឈដ្ឋាន​អប់រំ​ក្នុង​កម្រិត​នេះ​ថា​ជា​ការ​ដាក់​បន្តកន្ទុយ​គ្នា​ឥត​ដាច់ និង​អាច​រួមបញ្ចូល​ជម្រើស​ដូច​បាន​រៀបរាប់​ក្នុង​តារាង​ខាងឆ្វេង​ដៃ។

តើមានអ្វី​កើតឡើង ប្រសិនបើ​កូន​របស់ខ្ញុំ​ទទួល​បាន​កម្មវិធី IEP ហើយ​យើង​ផ្លាស់ទី​លំនៅ​ក្នុងអំឡុងឆ្នាំ​សិក្សា?

  1. ផ្លាស់ទីលំនៅក្នុងរដ្ឋ៖ មណ្ឌល​សិក្សាធិការ​ថ្មី​ត្រូវតែ​ផ្ដល់​សេវាកម្ម​ដែល​ស្រដៀងនឹង​សេវាកម្ម​ដូច​បាន​គូសបញ្ជាក់​ក្នុង​កម្មវិធី IEP ពី​មណ្ឌល​មុន​ដល់​សិស្ស រហូតដល់​មណ្ឌល​ថ្មី​ចាប់ផ្ដើម​ប្រើ​កម្មវិធី IEP ចាស់ ឬរៀបចំ​កម្មវិធី IEP ថ្មី។
  2. ផ្លាស់ទីលំនៅក្រៅរដ្ឋ៖ មណ្ឌល​ថ្មី​ក្នុង​រដ្ឋ​ថ្មី​ត្រូវតែ​ផ្ដល់​សេវាកម្ម​ដែល​ស្រដៀងនឹង​សេវាកម្ម​ដូច​បាន​គូសបញ្ជាក់​ក្នុង​កម្មវិធី IEP ពី​មណ្ឌល​មុន​ដល់​សិស្ស រហូតដល់​មណ្ឌល​ថ្មី​ធ្វើការ​វាយតម្លៃ ប្រសិនបើ​ចាំបាច់ និង​រៀបចំ​កម្មវិធី IEP ថ្មី។

 

ក្នុង​កាលៈទេសៈ​ទាំងពីរ សាលារៀន​ថ្មី​ត្រូវតែ​ចាត់វិធានការ​សមស្រប​ដើម្បី​ទទួល​បាន​របាយការណ៍​អំពី​ការអប់រំ​ពិសេស​របស់​កុមារ​ឱ្យ​បាន​រហ័ស ហើយ​សាលារៀន​មុន​ត្រូវតែ​ឆ្លើយតប​នឹង​សំណើសុំ​របាយការណ៍​នេះ​ឱ្យ​បាន​រហ័ស។

តើកូនដែល​មាន​ពិការភាព​របស់ខ្ញុំ​អាច​ទទួល​បាន​សេវា​អប់រំ​ពិសេស​ក្នុង​អំឡុង​រដូវក្ដៅ​បានទេ?

បាន

  1. សេវាកម្ម Extended school year (ESY, សេវាកម្មឆ្នាំសិក្សាបន្ថែម)

សិស្ស​ដែល​មាន​ពិការភាព​អាច​ទទួល​បាន​សេវា​អប់រំ​ពិសេស​ក្នុង​អំឡុង​រដូវក្ដៅ ប្រសិនបើ​ក្រុម IEP សម្រេច​ថា​ចាំបាច់​ត្រូវ​ផ្ដល់​សេវាកម្ម​នេះ​ដើម្បី​ឱ្យ​សិស្ស​ទទួល​បានការ​អប់រំ​ដ៏​មាន​អត្ថន័យ។ លក្ខខណ្ឌ​ទទួល​បាន​សេវាកម្ម​ឆ្នាំ​សិក្សា​បន្ថែម​អាច​ផ្អែកលើ​កត្តា​ខាងក្រោម៖

  • ភាពអាចទៅរួចដែលសិស្សនឹងបាត់បង់ជំនាញនៅរដូវក្ដៅ
  • ថាតើកម្មវិធីរដូវក្ដៅមានភាពចាំបាច់សម្រាប់សិស្ស ដើម្បីបំពេញតាមគោលដៅកម្មវិធី IEP ប្រចាំឆ្នាំឬអត់
  • ការណែនាំពីអ្នកជំនាញ
  • ប្រវត្តិអប់រំរបស់សិស្ស

មណ្ឌល​សិក្សាធិការ​ត្រូវ​រៀបចំ​លក្ខខណ្ឌ​សម្រាប់​ឱ្យ​ក្រុម IEP ប្រើប្រាស់ នៅពេល​កំណត់​អំពី​តម្រូវការ​របស់​សិស្ស​សម្រាប់​សេវាកម្ម​ឆ្នាំ​សិក្សា​បន្ថែម។ ប្រសិនបើ​អ្នក​គិតថា​កូន​របស់​អ្នក​ត្រូវការ​សេវាកម្ម​ឆ្នាំ​សិក្សា​បន្ថែម សូម​សួររក​ច្បាប់​ចម្លង​នៃ​លក្ខខណ្ឌ​នេះ​របស់​មណ្ឌល។ ប្រសិនបើ​កម្មវិធី​រដូវក្ដៅ​ត្រូវ​បាន​ផ្ដល់​ជូន វា​ត្រូវតែ​បំពេញ​តាម​គោលដៅ​នៃ​កម្មវិធី IEP។ និយាយ​ឱ្យ​ចំ ការចូលរួម​ក្នុង​វគ្គសិក្សា​រដូវក្ដៅ​នៃ​ការអប់រំ​ទូទៅ​ដែល​ផ្ដល់​ជូន​សិស្ស​ទាំងអស់​ប្រហែលជា​មិន​គ្រប់គ្រាន់​ទេ។ ប្រសិនបើ​កម្មវិធី IEP របស់​សិស្ស​ផ្ដល់​ជំនួយ​មួយទល់នឹងមួយ​ក្នុងអំឡុងឆ្នាំ​សិក្សា គាត់​ត្រូវតែ​ទទួល​បាន​ជំនួយ​មួយទល់នឹងមួយ​ក្នុង​អំឡុង​រដូវក្ដៅ​ដូចគ្នា។ កម្មវិធី​ឆ្នាំ​សិក្សា​បន្ថែម​ត្រូវតែ​ផ្ដល់​ដោយ​ឥតគិតថ្លៃ​ពី​សិស្ស។ ប្រសិនបើ​មណ្ឌល​មិន​មានកម្ម​វិធី​រដូវក្ដៅ​សមស្រប​សម្រាប់​សិស្ស​ដែល​មាន​លក្ខខណ្ឌ​គ្រប់គ្រាន់​ដើម្បី​ទទួល​បាន​សេវាកម្ម​ឆ្នាំ​សិក្សា​បន្ថែម​ទេ មណ្ឌល​គួរតែ​បង្កើត​កម្មវិធី​រដូវក្ដៅ ឬចំណាយ​ប្រាក់​ឱ្យ​សិស្ស​នោះ​ចូលរួម​ក្នុង​កម្មវិធី​ដែល​ផ្ដល់​ដោយ​មណ្ឌល​សិក្សាធិការ ឬអង្គភាព​ឯកជន​ផ្សេងទៀត។ មណ្ឌល​ត្រូវតែ​ចំណាយ​ថ្លៃ​មធ្យោបាយ​ធ្វើដំណើរ និង​ចំណាយ​ផ្សេងទៀត​ដែល​ពាក់ព័ន្ធ​នឹង​កម្មវិធី​ឆ្នាំ​សិក្សា​បន្ថែម។

  1. កន្លែងស្នាក់នៅ និងសេវាកម្មក្នុងវគ្គសិក្សារដូវក្ដៅនៃការអប់រំទូទៅ

ប្រសិនបើ​សិស្ស​ដែល​មាន​ពិការភាព​មិន​មាន​លក្ខខណ្ឌ​គ្រប់គ្រាន់​ដើម្បី​ទទួល​បាន​សេវាកម្ម ESY ទេ ប៉ុន្តែ​ចុះឈ្មោះ​ចូលរួម​ក្នុង​កម្មវិធី​វគ្គសិក្សា​រដូវក្ដៅ​នៃ​ការអប់រំ​ទូទៅ​របស់​មណ្ឌល សាលារៀន​ក៏​គួរតែ​ផ្ដល់​កន្លែង​ស្នាក់នៅ និង​ការ​បង្រៀន​ពិសេស​ដល់​សិស្ស​ដែរ។ សូម​សួររក​សេវាកម្ម​ទាំងនេះ​ក្រោម​ច្បាប់ IDEA ឬផ្នែក 504 ប្រសិនបើ​កូន​របស់​អ្នក​ត្រូវការ​ជំនួយ​បន្ថែម​ដើម្បី​ចូលរួម​ក្នុង​កម្មវិធី​នេះ។

តើកម្មវិធីអប់រំ​ពិសេស​អាច​ជួយ​កូន​របស់ខ្ញុំ​កែប្រែ​ស្ថានភាព​ពីសា​លា​រៀន​ទៅ​ជីវិត​ពេញវ័យ​ដែរ​ទេ?

បាន ការអប់រំ​ពិស​សត្រូវ​តែ​ផ្ដល់​សេវាកម្ម​កែប្រែ​ស្ថានភាព​ដល់​សិស្ស ចាប់ពី​អាយុ​យ៉ាងហោចណាស់​ត្រឹម​ដប់ប្រាំ​មួយឆ្នាំ។ ការអប់រំ​ពិ​សស​ផ្ដល់​សេវាកម្ម​ដល់​សិស្ស​ទាំងអស់​ដែល​មាន​ពិការភាព ដើម្បី​ជួយ​ពួក​គេ​ក្នុង​ការ​ត្រៀមខ្លួន​សម្រាប់​ជីវិត​ពេញវ័យ។ សេវាកម្ម​ទាំងនេះ​ដែលគេ​ហៅថា សេវាកម្ម​កែប្រែ​ស្ថានភាពត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​លើកកម្ពស់​ការផ្លាស់ប្ដូរ​ពី​សកម្មភាព​ក្នុង​ពេល​សិក្សា​ទៅ​សកម្មភាព​ក្រោយ​បញ្ចប់​វិទ្យាល័យ កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ កម្មវិធី​រស់នៅ​ដោយ​ឯករាជ្យ សេវាកម្ម​សម្រាប់​មនុស្ស​ពេញវ័យ និង​ការងារ​ដែល​ត្រូវ​បាន​ជួយ។ មណ្ឌល​សិក្សាធិការ​ត្រូវតែ​ចាប់ផ្ដើម​ផែនការ​កែប្រែ​ស្ថានភាព​សម្រាប់​សិស្ស​ធំៗ ដោយ​ចាប់ផ្ដើម​មិន​ក្រោយពេល​ដែល​កម្មវិធី IEP ដំបូង​ចាប់ផ្ដើម​សុពលភាព​នៅពេល​សិស្ស​គ្រប់​អាយុ 16 ឆ្នាំ។ នេះ​មានន័យថា មណ្ឌល​សិក្សាធិការ​ត្រូវតែ​ដោះស្រាយ​ផែនការ​កែប្រែ​ស្ថានភាព​នៅក្នុង​កិច្ចប្រជុំ IEP ប្រចាំឆ្នាំ ឱ្យ​បាន​មុន​ថ្ងៃកំណើត​គម្រប់​អាយុ 16 ឆ្នាំ​របស់​សិស្ស។ បន្ទាប់ពី​ដោះស្រាយ​ការ​កែប្រែ​ស្ថានភាព កម្មវិធី IEP ត្រូវតែ​រួមបញ្ចូល​គោលដៅ​ក្រោយ​បញ្ចប់​វិទ្យាល័យ​ដែល​អាច​វាស់​ស្ទង់​បាន និង​មាន​ភាព​សមស្រប​ពាក់ព័ន្ធ​នឹង​ការ​បណ្ដុះបណ្ដាល ការអប់រំ ការងារ និង​ជំនាញ​រស់នៅ​ដោយ​ឯករាជ្យ (ប្រសិនបើ​សមស្រប) ហើយ​គូសបញ្ជាក់​អំពី​សេវាកម្ម​កែប្រែ​ស្ថានភាព រួម​ទាំង​វគ្គសិក្សា​ដែល​សិស្ស​នឹង​ត្រូវការ​ដើម្បី​ឈាន​ដល់​គោលដៅ​ទាំងនេះ។ គោលដៅ​ទាំងនេះ​ត្រូវតែ​ផ្អែកលើ​ការវាយតម្លៃ​អំពី​ការ​កែប្រែ​ស្ថានភាព​ដែល​សមស្រប​តាម​អាយុ។ ប្រភេទ​នៃ​សេវាកម្ម​កែប្រែ​ស្ថានភាព​ដែល​សិស្ស​ទទួល​បាន​គួរតែ​គិត​ទាំង​ចំណាប់​អារម្មណ៍ ចំណូលចិត្ត និង​ជំនាញ​ដែល​គាត់​ត្រូវ​ទទួល​បាន។

តើខ្ញុំអាចទទួលបាន IEP របស់កូនខ្ញុំជាច្បាប់ចម្លងបកប្រែបានទេ?

បាទ​/ចាស អ្នក​គួរតែ​អាច​ទទួល​បាន Individualized Education Program (IEP, កម្មវិធីអប់រំ​សម្រាប់​បុគ្គល) របស់​កូន​អ្នកជា​ច្បាប់​ចម្លង​បកប្រែ ប្រសិនបើ​អ្នក​ត្រូវការ​មួយ​ច្បាប់​ដើម្បី​ស្វែងយល់​ពី​វា។

យោង​តាម​វិធាន​អប់រំ​ពិសេស មណ្ឌល​សិក្សាធិការ​ត្រូវតែ​បកប្រែ​ទម្រង់​បែបបទ​នៃ​ការយល់ព្រម​លើ​ការអប់រំ​ពិសេស និង prior written notices ការ​ជូនដំណឹង​ជា​លាយលក្ខណ៍​អក្សរ​ជាមុន.” ។ វិធាន​អប់រំ​ពិសេស​មិន​បញ្ជាក់​អ្វីមួយ​ជាក់លាក់​អំពី​ការបកប្រែ IEP នោះ​ទេ។ ទោះ​យ៉ាងណា US Department of Education (ក្រសួង​អប់រំ) នៃ​សហរដ្ឋអាមេរិក និង US Department of Justice (ក្រសួង​យុត្តិធម៌) នៃ​សហរដ្ឋអាមេរិក​បាន​ពន្យល់​ថា ដើម្បី​អនុលោម​តាម​ចំណងជើង​ទី​ប្រាំមួយ​នៃ Civil Rights Act (ច្បាប់​ស្ដីពី​សិទ្ធិពល​រដ្ឋ) មណ្ឌល​សិក្សាធិការ​ត្រូវតែ​ត្រៀមខ្លួន​ក្នុង​ការ​ផ្ដល់​ការបកប្រែ IEP។ ក្រសួង​ទាំងនេះ​ពន្យល់​ថា៖

ក្រោម​ចំណងជើង​ទី​ប្រាំមួយ រាល់​ឯកសារ​សំ​ខាន់ៗទាំងអស់ រួម​ទាំង IEP របស់​សិស្ស ត្រូវតែ​អាច​ទទួល​បាន​ដោយ​មាតាបិតា​កម្រិត LEP [មានការ​យល់ដឹង​ផ្នែក​ភាសាអង់គ្លេស​តិចតួច] ប៉ុន្តែ​មិនមែន​មានន័យថា ឯកសារ​សំ​ខាន់ៗទាំងអស់​ត្រូវតែ​បកប្រែ​សម្រាប់​គ្រប់​ភាសា​នៅក្នុង​មណ្ឌល​សិក្សាធិការ​នោះ​ទេ។ ឧទាហរណ៍ ការបកប្រែ​ផ្ទាល់មាត់​ពេញលេញ និង​ទាន់ពេល​វេលា ឬឯកសារ​សំ​ខាន់ៗដែល​បាន​បកប្រែ​សង្ខេប​អាច​នឹង​គ្រប់គ្រាន់​ហើយ​ក្នុង​កាលៈទេសៈ​មួយចំនួន។ ទោះ​យ៉ាងណា មណ្ឌល​សិក្សាធិការ​ត្រូវតែ​ត្រៀមខ្លួន​ក្នុង​ការ​ផ្ដល់ IEP ដែល​បាន​បកប្រែ​ពេញលេញ និង​ទាន់ពេល​វេលា ដើម្បី​ផ្ដល់​លទ្ធភាព​ទទួល​បាន IEP ដ៏​មាន​អត្ថន័យ និង​សិទ្ធិ​មាតាបិតា​ដែល​មាន​ភ្ជាប់​ជាមួយ។ នេះ​ក៏​ព្រោះតែ​មាតាបិតា​ត្រូវ​មានលទ្ធភាព​ទទួល​បាន IEP ដ៏​មាន​អត្ថន័យ មិនមែន​ត្រឹមតែ​ក្នុងអំឡុងពេល​ប្រជុំ IEP នោះ​ទេ ពោល​គឺ​ពេញ​ឆ្នាំ​សិក្សា ដើម្បី​តាមដាន​ការ​វិវឌ្ឍ​របស់​កុមារ និង​ដើម្បី​ឱ្យ​ប្រាកដ​ថា​សេវា IEP ត្រូវ​បាន​ផ្ដល់។

https://sites.ed.gov/idea/files/policy_speced_guid_idea_memosdcltrs_iep-translation-06-14-2016.pdf

ប្រសិនបើ​អ្នក​ត្រូវការ​ក្រុម IEP របស់​កូន​អ្នកជា​ច្បាប់​ចម្លង​បកប្រែ សូម​ទាក់ទង​ទៅ​ផ្នែក​អប់រំ​ពិសេស​ក្នុង​មណ្ឌល​សិក្សាធិការ​របស់​កូន​អ្នក។  

ប្រសិនបើ​អ្នកមាន​សំណួរ ឬក្ដី​កង្វល់​ណាមួយ សូម​ហៅ​ទូរសព្ទ​មក​យើង​នៅ Office of the Education Ombuds (OEO, ការិយាល័យ Ombuds សម្រាប់​ការអប់រំ) ដើម្បី​ឱ្យ​យើង​អាច​ព្យាយាម​ជួយ​បាន។