កុមារគ្រប់រូបដែលរស់នៅរដ្ឋវ៉ាស៊ីនតោនមានសិទ្ធិទទួលបានការអប់រំជាសាធារណៈ។
កុមារអាចចាប់ផ្ដើមថ្នាក់មត្តេយ្យនៅអាយុ 5 ឆ្នាំ និងបន្តនៅសាលារៀនរហូតដល់បញ្ចប់ការសិក្សា ឬមានអាយុ 21 ឆ្នាំ។
វាចាប់ផ្ដើមពីការចុះឈ្មោះចូលរៀន។ សំណួរដែលយើងទទួលបានអំពីការចុះឈ្មោះចូលសាលារៀនរួមមាន៖
- តើតម្រូវឱ្យផ្ដល់ព័ត៌មាន ឬឯកសារអ្វីខ្លះសម្រាប់ចុះឈ្មោះចូលរៀន?
- តើនរណាអាចចុះឈ្មោះសិស្សចូលរៀនបាន?
- តើសិស្សអាចចុះឈ្មោះនៅឯណា ឬសាលារៀនណាដែលគ្រួសារមួយអាចជ្រើសរើសបាន?
ចុចលើសំណួរខាងក្រោម។
- តើជាទូទៅតម្រូវឱ្យផ្ដល់ព័ត៌មាន ឬឯកសារអ្វីខ្លះសម្រាប់ចុះឈ្មោះចូលរៀន?
-
ដើម្បីចុះឈ្មោះសិស្សចូលរៀន ជាទូទៅសាលារៀនសួររកឯកសារផ្សេងៗដើម្បី៖
- ផ្ទៀងផ្ទាត់អាសយដ្ឋានរបស់អ្នក
- បញ្ជាក់អាយុកូនរបស់អ្នក (ជាពិសេសការចុះឈ្មោះសម្រាប់ថ្នាក់មត្តេយ្យ) និង
- បង្ហាញថាកូនរបស់អ្នកបានចាក់វ៉ាក់សាំងដែលបានតម្រូវ។
ជាធម្មតា សាលារៀនបង្ហាញគំរូនៃប្រភេទឯកសារដែលអ្នកអាចប្រើសម្រាប់ចុះឈ្មោះចូលរៀន។ ប្រសិនបើអ្នកមិនមានឯកសារជាក់លាក់ដែលសាលារៀនតម្រូវឱ្យមានជាទូទៅទេ (ដូចជាច្បាប់ចម្លងនៃវិក្កយបត្រ ឬសំបុត្រកំណើតសម្រាប់កូនរបស់អ្នក) សូមពិភាក្សាជាមួយការិយាល័យចុះឈ្មោះចូលសាលារៀនអំពីស្ថានភាពរបស់អ្នក។
ឯកសារជំនួសសំបុត្រកំណើត/លិខិតឆ្លងដែន៖ សាលារៀនត្រូវតែទទួលយកឯកសារជំនួសដែលបង្ហាញថ្ងៃខែឆ្នាំកំណើត ឬអាយុរបស់កុមារ។ សាលារៀនមិនអាចទទូចទាមទារសំបុត្រកំណើត ឬលិខិតឆ្លងដែនបានទេ ប្រសិនបើអ្នកមិនមាន។ ឯកសារជំនួសផ្សេងទៀតអាចរួមមាន កំណត់ត្រាស្មុំកូន របាយការណ៍ដែលមានការបញ្ជាក់ពីគ្រូពេទ្យ ឬកំណត់ត្រាចាក់វ៉ាក់សាំងដែលមានចុះថ្ងៃខែឆ្នាំកំណើត។
ឯកសារបញ្ជាក់ទីលំនៅ៖ ជាទូទៅ សាលារៀនសួររកឯកសារបញ្ជាក់ទីកន្លែងដែលអ្នកកំពុងរស់នៅ ដើម្បីប្រាកដថាកូនរបស់អ្នកគឺជារស់នៅក្នុងមណ្ឌលនេះពិតមែន។ ទោះយ៉ាងណា ប្រសិនបើបច្ចុប្បន្នអ្នកមិនមានទីលំនៅជាប់លាប់ទេ (បើអ្នកគ្មានផ្ទះសម្បែង) សាលារៀនមិនអាចតម្រូវឱ្យផ្ដល់ឯកសារផ្សេងៗ មុនពេលចុះឈ្មោះកូនរបស់អ្នកចូលរៀនបានទេ។ ប្រសិនបើករណីនេះប្រហែលជាត្រូវនឹងអ្នក ឬកុមារដែលអ្នកកំពុងមើលថែ សូមស្នើសុំជជែកជាមួយ “McKinney Vento Liaison (ផ្នែកទំនាក់ទំនង ម៉ាក់ឃីនី វ៉ិនតូ)” នៅសាលារៀន ឬការិយាល័យមណ្ឌល។
សូមចងចាំថា កុមារគ្រប់រូបដែលរស់នៅរដ្ឋវ៉ាស៊ីនតោនមានសិទ្ធិទទួលបានការអប់រំជាសាធារណៈ។ ប្រសិនបើអ្នកកំពុងព្យាយាមចុះឈ្មោះកូនរបស់អ្នកចូលសាលារៀន ប៉ុន្តែអ្នកមិនមានឯកសារដែលជាញឹកញាប់សាលារៀនតម្រូវឱ្យផ្ដល់ទេ សូមស្នើសុំជំនួយ។
អ្នកអាចស្នើសុំជំនួយនៅសាលារៀន ឬនៅការិយាល័យមណ្ឌលសិក្សាធិការ។ អ្នកក៏អាចទាក់ទងទៅការិយាល័យរបស់យើងតាមរយៈលេខ 1-866-297-2597 ឬចូលទៅទំព័រ Get Our Help (ស្នើសុំជំនួយរបស់យើង) តាមរយៈប្រព័ន្ធចុះឈ្មោះតាមអនឡាញរបស់យើងនៅគេហទំព័រ៖ https://services.oeo.wa.gov/oeo។
- តើនរណាអាចចុះឈ្មោះសិស្សចូលរៀនបាន?
-
នៅរដ្ឋវ៉ាស៊ីនតោន បុគ្គលដែលអាចចុះឈ្មោះកុមារចូលសាលារៀនបានរួមមាន៖
- មាតាបិតា ឬអាណាព្យាបាលស្របច្បាប់
- បុគ្គលដែលបំពេញតួនាទីជាមាតាបិតា នៅពេលអវត្តមានមាតាបិតា ឬអាណាព្យាបាល។ បុគ្គលនេះអាចរួមមាន៖
-
- សាច់ញាតិដែលផ្ដល់ “ការថែទាំក្នុងភាពជាសាច់ញាតិ”
- មាតាបិតាចិញ្ចឹម ឬ
- អ្នកមើលថែដែលបំពេញតួនាទីជាមាតាបិតា។
- យុវជនខ្លួនមួយ។ យុវជនដែលមិនរស់នៅជាមួយមាតាបិតា និងមិនមានកន្លែងរស់នៅអចិន្ត្រៃយ៍ ជាប់លាប់ ឬសមរម្យ អាចសុំជំនួយពាក់ព័ន្ធនឹងការចុះឈ្មោះដោយខ្លួនឯងក្នុងនាមជា “យុវជនគ្មានផ្ទះសម្បែងតែម្នាក់ឯង”។ ស្នើសុំជជែកជាមួយផ្នែក McKinney Vento Liaison ប្រសិនបើអ្នករស់នៅតែម្នាក់ឯង ឬកំពុងជួយយុវជនដែលរស់នៅតែម្នាក់ឯងក្នុងការចុះឈ្មោះចូលសាលារៀន។
យោងតាម Family Educational Rights and Privacy Act (FERPA, ច្បាប់ស្ដីពីសិទ្ធិអប់រំគ្រួសារ និងឯកជនភាព) ដែលជាច្បាប់សហព័ន្ធស្ដីពីកំណត់ត្រាអប់រំ “មាតាបិតា” “រួមមានមាតាបិតាបង្កើត អាណាព្យាបាល ឬបុគ្គលដែលបំពេញតួនាទីជាមាតាបិតានៅពេលអវត្តមានមាតាបិតា ឬអាណាព្យាបាល”។ (អ្នកអាចអានបន្ថែមអំពីច្បាប់ FERPA ក្នុងគេហទំព័រ https://www2.ed.gov/policy/gen/guid/fpco/ferpa/index.html របស់ U.S. Department of Education (ក្រសួងអប់រំ) នៃសហរដ្ឋអាមេរិក។)
នៅពេលកុមារណាម្នាក់ស្ថិតក្នុងមណ្ឌលចិញ្ចឹមបីបាច់ អាចនឹងមានមនុស្សជាច្រើនដែលជាប់ពាក់ព័ន្ធនឹងការជួយសម្រេចចិត្តអំពីការអប់រំរបស់កុមារនោះ។ ជាធម្មតា ទម្រង់បែបបទ Caregiver Authorization (ការផ្ដល់សិទ្ធិដល់អ្នកមើលថែ) នឹងកំណត់ថាតើបុគ្គលណាដែលអាចសម្រេចចិត្តលើការអប់រំ រួមទាំងការចុះឈ្មោះកុមារចូលសាលារៀន។ សម្រាប់ព័ត៌មានបន្ថែម សូមមើល Guide to Supporting Students in Foster Care (ការណែនាំអំពីការផ្ដល់ជំនួយដល់សិស្សក្នុងមណ្ឌលចិញ្ចឹមបីបាច់) ដែលមាននៅ Treehouse for Kids (www.treehouseforkids.org) នៅ Foster Care Program (កម្មវិធីថែទាំនៃមណ្ឌលចិញ្ចឹមបីបាច់) របស់ Office of Superintendent of Public Instruction (OSPI, ការិយាល័យគ្រប់គ្រងការបង្រៀនសាធារណៈ) (https://www.k12.wa.us/student-success/access-opportunity-education/foster-care) និងនៅតំណដោយផ្ទាល់នេះ៖ https://www.treehouseforkids.org/wp-content/uploads/2018/01/treehouse2017final2ndedinteractive.pdf។
- តើសិស្សអាចចុះឈ្មោះចូលសាលារៀននៅឯណា?
-
មណ្ឌលសិក្សាធិការអន្តេវាសិក
សិស្សទាំងអស់មានសិទ្ធិទទួលបានការអប់រំពីមណ្ឌលដែលខ្លួនរស់នៅអស់រយៈពេលយូរបំផុត។ នេះគឺជា “មណ្ឌលសិក្សាធិការអន្តេវាសិក” របស់សិស្ស។
ទីលំនៅរបស់សិស្សប្រហែលជាមិនដូចទីលំនៅរបស់មាតាបិតាទេ។
វិធានកំណត់ទីលំនៅសិស្សរបស់រដ្ឋវ៉ាស៊ីនតោនគឺមាននៅក្នុង Washington Administrative Code (ក្រមរដ្ឋបាលវ៉ាស៊ីនតោន) ឬ “WAC” លេខ WAC 392-137-115 ដែលអ្នកអាចស្វែងរកតាមអ៊ីនធឺណិតនៅ៖ https://apps.leg.wa.gov/WAC/default.aspx?cite=392-137-115។ វិធាននេះពន្យល់ថា ទីលំនៅរបស់សិស្សគឺជាកន្លែងដែលសិស្សស្នាក់នៅអស់រយៈពេលយូរបំផុត។
ការចាត់ចែងសាលារៀននៅក្នុងមណ្ឌល
ជាទូទៅ មណ្ឌលសិក្សាធិការនីមួយៗអាចសម្រេចពីរបៀបចាត់ចែងសិស្សទៅសាលារៀនផ្សេងៗក្នុងមណ្ឌល។
មណ្ឌលសិក្សាធិការភាគច្រើនចាត់ចែងសិស្សទៅសាលារៀននៅជិតកន្លែងពួកគេរស់នៅ ដែលជាធម្មតាគេហៅថា “តំបន់សិក្សា” ឬ សាលារៀនតាមសង្កាត់។ ប្រសិនបើសាលារៀនតាមសង្កាត់មានសិស្សច្រើនពេក មណ្ឌលសិក្សាធិការអាចនឹងចាត់ចែងសិស្សទៅសាលារៀនផ្សេងទៀតនៅក្នុងមណ្ឌល។
មណ្ឌលសិក្សាធិការធំៗជាច្រើនក៏មានរយៈពេល “ទទួលចុះឈ្មោះចូលរៀន” ដែលគ្រួសារទាំងឡាយអាចដាក់ពាក្យសុំចូលសាលារៀនដែលពួកគេពេញចិត្តផងដែរ។ ជាធម្មតា រយៈពេលនេះគឺនៅចុងឆ្នាំ រហូតដល់ដើមរដូវផ្ការីក។ សូមរកមើលព័ត៌មានពីមណ្ឌលរបស់អ្នកអំពីជម្រើសសម្រាប់ការចុះឈ្មោះចូលសាលារៀន។
បន្ទាប់ពីសិស្សត្រូវបានចាត់ចែងទៅសាលារៀនណាមួយហើយ មណ្ឌលមួយចំនួនអនុញ្ញាតឱ្យផ្ទេរទៅសាលារៀនមួយទៀត តែក្នុងករណីដែលមានបញ្ហាពិបាក ឬហេតុផលស្រដៀងគ្នានេះប៉ុណ្ណោះ។ មណ្ឌលផ្សេងទៀតអនុញ្ញាតឱ្យផ្ទេរ ប្រសិនបើមានកន្លែងទំនេរ។ សូមសាកសួរអំពីគោលការណ៍ និងច្បាប់ទម្លាប់នៃមណ្ឌលរបស់អ្នក ដើម្បីស្វែងយល់បន្ថែមអំពីជម្រើសក្នុងមណ្ឌលរបស់អ្នក។
សូមចាំថា កុមារម្នាក់ៗមានសិទ្ធិទទួលបានការអប់រំពីមណ្ឌលសិក្សាធិការដែលខ្លួនរស់នៅ។ ប្រសិនបើអ្នកកំពុងមានឧបសគ្គក្នុងការចុះឈ្មោះចូលរៀន អ្នកអាចទាក់ទងទៅការិយាល័យរបស់យើងតាមរយៈលេខ 1-866-297-2597 តាមអ៊ីមែល oeoinfo@gov.wa.gov ឬតាមរយៈប្រព័ន្ធចុះឈ្មោះតាមអនឡាញរបស់យើងនៅគេហទំព័រ៖ https://services.oeo.wa.gov/oeo។
សាលារៀនដើម – មណ្ឌលចិញ្ចឹមបីបាច់ ឬគ្មានផ្ទះសម្បែង
កុមារគ្មានផ្ទះសម្បែង និងកុមារក្នុងមណ្ឌលចិញ្ចឹមបីបាច់អាចចូលសាលារៀនក្នុងតំបន់ដែលពួកគេកំពុងស្នាក់នៅបច្ចុប្បន្ន ឬអាចទទួលជំនួយដើម្បីបន្តនៅ “សាលារៀនដើម” របស់ពួកគេ ទោះបីជាពួកគេត្រូវផ្លាស់ទៅតំបន់ផ្សេងក៏ដោយ។
ច្បាប់ដែលផ្ដល់កិច្ចការពារ និងជំនួយដល់សិស្សដែលគ្មានផ្ទះសម្បែងត្រូវបានហៅថា “McKinney Vento Act (ច្បាប់ម៉ាក់ឃីនី វ៉ិនតូ)” ហើយមណ្ឌលសិក្សាធិការនីមួយៗមានផ្នែក McKinney Vento Liaison ដើម្បីជួយដល់គ្រួសារ និងសិស្សដែលគ្មានផ្ទះសម្បែង។ ចំណុចនេះអាចរាប់បញ្ចូលទាំងសិស្ស និងគ្រួសារដែលរួមរស់ជាមួយមិត្តភ័ក្តិ ឬសាច់ញាតិផងដែរ ដោយសារពួកគេមិនមានកន្លែងផ្ទាល់ខ្លួន។ ប្រសិនបើមានឱកាសដែលអ្នក ឬកូនរបស់អ្នកអាចមានលក្ខខណ្ឌគ្រប់គ្រាន់ដើម្បីទទួលបានជំនួយ McKinney Vento រួមទាំងការស្នាក់នៅក្នុងសាលារៀនដើម សូមស្នើសុំជជែកជាមួយផ្នែក “McKinney Vento Liaison” នៃមណ្ឌលសិក្សាធិការរបស់អ្នក។ អ្នកក៏អាចមើលព័ត៌មានបន្ថែមអំពីជំនួយសម្រាប់សិស្សគ្មានផ្ទះសម្បែងនៅលើគេហទំព័ររបស់យើងបានផងដែរ។
ច្បាប់សហព័ន្ធស្ដីពីការអប់រំដែលគេស្គាល់ថាជាច្បាប់ “ESSA” (Every Student Succeeds Act (ច្បាប់សិស្សជោគជ័យគ្រប់រូប)) ថ្មីៗនេះបានបន្ថែមផ្នែកមួយដើម្បីផ្ដល់សាលារៀនដើម មធ្យោបាយធ្វើដំណើរ និងកិច្ចការពារភ្លាមៗនៅពេលចុះឈ្មោះចូលរៀនឱ្យកុមារក្នុងមណ្ឌលចិញ្ចឹមបីបាច់។ ប្រសិនបើអ្នកកំពុងថែទាំកុមារក្នុងមណ្ឌលចិញ្ចឹមបីបាច់ សូមស្នើសុំជជែកជាមួយ “Foster Care Liaison (ផ្នែកទំនាក់ទំនងនៃមណ្ឌលចិញ្ចឹមបីបាច់)” ដើម្បីដឹងថាពួកគេអាចផ្ដល់ជំនួយសម្រាប់ការអប់រំកូនអ្នកដោយរបៀបណា។
សូមអានបន្ថែមអំពីកិច្ចការពារ និងជំនួយសម្រាប់សិស្សក្នុងមណ្ឌលចិញ្ចឹមបីបាច់ នៅក្នុង Guide to Supporting Students in Foster Care (ការណែនាំអំពីការផ្ដល់ជំនួយដល់សិស្សក្នុងមណ្ឌលចិញ្ចឹមបីបាច់) ដែលមាននៅ Treehouse for Kids (ផ្ទះដើមឈើសម្រាប់កុមារ) (https://www.treehouseforkids.org/) នៅ Foster Care Program (កម្មវិធីថែទាំនៃមណ្ឌលចិញ្ចឹមបីបាច់) របស់ OSPI (https://www.k12.wa.us/student-success/access-opportunity-education/foster-care) និងនៅតំណដោយផ្ទាល់នេះ៖ https://www.treehouseforkids.org/wp-content/uploads/2018/01/treehouse2017final2ndedinteractive.pdf។
ជម្រើសសាលារៀន និងការផ្ទេរទៅមណ្ឌលផ្សេង
មានជម្រើសសាលារៀនរដ្ឋជាច្រើនប្រភេទនៅក្នុងរដ្ឋរបស់យើង។ ប្រសិនបើអ្នកចង់រកមើលជម្រើសដែលមិនមានក្នុងមណ្ឌលរបស់អ្នក ប៉ុន្តែមាននៅមណ្ឌលជិតគ្នា ឬតាមអ៊ីនធឺណិត អ្នកអាចស្នើសុំជជែកជាមួយមណ្ឌលនោះអំពី “ការផ្ទេរអនិវាសនជន”—ដែលមានន័យថា អ្នកចង់បានសេវាកម្មសម្រាប់សិស្សរបស់អ្នកនៅក្រៅមណ្ឌលរបស់អ្នក។
គ្រប់មណ្ឌលទាំងអស់ត្រូវតែមានគោលការណ៍ស្ដីពីការផ្ទេរ “អនិវាសនជន” ឬ “ជម្រើស”។ ការស្នើសុំផ្ទេរពីមណ្ឌលមួយទៅមណ្ឌលមួយទៀតត្រូវឆ្លងកាត់ដំណើរការដែលមានពីរជំហាន ពោលគឺតម្រូវឱ្យមណ្ឌលនៃទីលំនៅរបស់អ្នកបញ្ចេញសិស្សរបស់អ្នក ហើយមណ្ឌលដែលមិនមែនជាទីលំនៅទទួលយកសិស្សរបស់អ្នក។ អ្នកអាចស្វែងរកតំណសម្រាប់ប្រព័ន្ធស្នើសុំផ្ទេរជម្រើសតាមអ៊ីនធឺណិតនៅលើគេហទំព័រ https://www.k12.wa.us/student-success/support-programs/student-transfers របស់ OSPI ឬដោយសាកសួរមណ្ឌលរបស់អ្នក។ ដើម្បីទទួលបានព័ត៌មានបន្ថែម សូមមើលគេហទំព័រអំពីជម្រើសសាលារៀន / ការផ្ទេរ កម្រងដំណោះស្រាយសម្រាប់ការផ្ទេរជម្រើស និងគេហទំព័ររបស់ OSPI អំពីការផ្ទេរសិស្ស។
មួយចំនួនក្នុងចំណោមជម្រើសសាលារៀនរដ្ឋនៅរដ្ឋវ៉ាស៊ីនតោនរួមមាន៖
បទពិសោធន៍សិក្សាដែលជាជម្រើសជំនួស រួមមានកិច្ចសហការរវាងគេហដ្ឋាន/សាលារៀន និងនៅលើអ៊ីនធឺណិត៖
មណ្ឌលសិក្សាធិការមួយចំនួនផ្ដល់ “បទពិសោធន៍សិក្សាដែលជាជម្រើសជំនួស” ជាប្រភេទនៃការអប់រំសាធារណៈដែលការបង្រៀនមួយចំនួន ឬទាំងអស់ធ្វើឡើងនៅក្រៅថ្នាក់រៀនធម្មតា។ ជម្រើសជំនួសនេះរួមមាន កម្មវិធីកិច្ចសហការរវាងគេហដ្ឋាន/សាលារៀន និងសាលារៀនតាមអ៊ីនធឺណិត។
សូមសាកសួរនៅការិយាល័យមណ្ឌលសិក្សាធិការរបស់អ្នក ឬមើលគេហទំព័ររបស់មណ្ឌលអ្នក ដើម្បីទទួលបានព័ត៌មានអំពីជម្រើសជំនួសនៅក្នុងតំបន់របស់អ្នក។
អ្នកក៏អាចរកមើលបញ្ជីកម្មវិធីសាលារៀនតាមអ៊ីនធឺណិតដែលត្រូវបានអនុញ្ញាតនៅលើគេហទំព័រជម្រើសជំនួសសម្រាប់ការសិក្សារបស់ OSPI៖ https://www.k12.wa.us/student-success/learning-alternatives/online-learning/approved-online-schools-and-school-programs។
មជ្ឈមណ្ឌលជំនាញប្រចាំតំបន់៖
មជ្ឈមណ្ឌលជំនាញគឺជាកម្មវិធីក្នុងតំបន់ដែលបើកវគ្គសិក្សាសម្រាប់សិស្សវិទ្យាល័យ ក្នុងកម្មវិធីអាជីព និងបច្ចេកទេសផ្សេងៗ។ មានមជ្ឈមណ្ឌលជំនាញប្រចាំតំបន់លើសពីដប់ពីរកន្លែង និងសាកលវិទ្យាល័យសាខាជាច្រើននៅជុំវិញរដ្ឋ។ សូមសាកសួរព័ត៌មានពីអ្នកផ្ដល់ការប្រឹក្សានៃវិទ្យាល័យ ឬនៅការិយាល័យមណ្ឌល ដើម្បីដឹងថាតើមណ្ឌលរបស់អ្នកចូលរួមក្នុងកម្មវិធីមជ្ឈមណ្ឌលជំនាញឬអត់ និងថាតើពួកគេផ្ដល់ប្រភេទវគ្គសិក្សាអ្វីខ្លះ។
អ្នកក៏អាចរកមើលបញ្ជីឈ្មោះមជ្ឈមណ្ឌលជំនាញ និងតំណភ្ជាប់ទៅកាន់គេហទំព័ររបស់ពួកគេនៅលើទំព័រអំពីការអប់រំជំនាញ និងបច្ចេកទេសរបស់ OSPI៖ https://ospi.k12.wa.us/student-success/career-technical-education-cte/cte-skill-centers។
កម្មវិធី Open Doors Re-Engagement៖
មណ្ឌលជាច្រើនបានអភិវឌ្ឍកម្មវិធី Open Doors Youth Reengagement (បើកទ្វារឱ្យយុវជនចូលរួមជាថ្មី) ដែលជួយដល់សិស្សអាយុ 16-21 ឆ្នាំដែលបានដកខ្លួនចេញពីសាលារៀន ប៉ុន្តែចង់ព្យាយាមម្ដងទៀត។ កម្មវិធី Open Doors ជាធម្មតាមានកាលវិភាគដែលមានលក្ខណៈបត់បែនជាង ហើយកម្មវិធីនេះធ្វើការយ៉ាងជិតស្និទ្ធជាមួយយុវជនម្នាក់ៗ ដើម្បីគូសវាសផ្លូវទៅកាន់ការបញ្ចប់ការសិក្សា និងភាពជោគជ័យ។ ប្រសិនបើអ្នកកំពុងរកមើលជម្រើសជំនួស ដើម្បីត្រឡប់ចូលសាលារៀនវិញ ឬបន្តការសិក្សា សូមសាកសួរអ្នកផ្ដល់ការប្រឹក្សានៃវិទ្យាល័យ ឬនរណាម្នាក់នៅការិយាល័យមណ្ឌលថាតើមានកម្មវិធី Re-engagement (ចូលរួមជាថ្មី) នៅជិតអ្នកឬអត់។
អ្នកក៏អាចទាក់ទងមកយើងបានផងដែរ ដើម្បីដឹងថាតើយើងអាចជួយអ្នកស្វែងរកជម្រើសឬអត់។ អ្នកអាចទូរសព្ទមកយើងតាមរយៈលេខ 1-866-297-2597 ផ្ញើអ៊ីមែលតាមរយៈ oeoinfo@gov.wa.gov ឬភ្ជាប់ទំនាក់ទំនងតាមរយៈប្រព័ន្ធចុះឈ្មោះតាមអនឡាញរបស់យើងនៅគេហទំព័រ៖ https://services.oeo.wa.gov/oeo។
ជម្រើសសាលារៀនរដ្ឋផ្សេងទៀត
បន្ថែមពីលើសាលារៀនដែលប្រតិបត្តិការដោយមណ្ឌលសិក្សាធិការចំនួន 295 ក្នុងរដ្ឋវ៉ាស៊ីនតោន ជម្រើសសាលារៀនរដ្ឋក្នុងរដ្ឋនេះក៏រួមបញ្ចូល៖
- State School for the Blind និង
- State School for the Deaf
- សាលារៀនកុលសម្ព័ន្ធ និង
- សាលារៀនឯករាជ្យទទួលមូលនិធិពីរដ្ឋ
អ្នកអាចស្វែងរកព័ត៌មានអំពីសាលារៀនកុលសម្ព័ន្ធនៅលើគេហទំព័រ Office of Native Education (ការិយាល័យអប់រំជនជាតិដើម) របស់ OSPI៖ https://www.k12.wa.us/student-success/access-opportunity-education/native-education/types-tribal-schools។
អ្នកអាចស្វែងរកព័ត៌មានអំពីសាលារៀនឯករាជ្យទទួលមូលនិធិពីរដ្ឋដែលកំពុងដំណើរការបច្ចុប្បន្នពី Washington Charter School Commission (គណកម្មការគ្រប់គ្រងសាលារៀនឯករាជ្យទទួលមូលនិធិពីរដ្ឋវ៉ាស៊ីនតោន) តាមអ៊ីនធឺណិត៖ https://charterschool.wa.gov/។ សម្រាប់បញ្ជីឈ្មោះសាលារៀនឯករាជ្យទទួលមូលនិធិពីរដ្ឋដែលផ្ដល់សិទ្ធិដោយគណកម្មការនេះ និងកំពុងដំណើរការបច្ចុប្បន្ន សូមមើលទីនេះ៖ https://charterschool.wa.gov/our-charter-public-schools/។
សម្រាប់បញ្ជីឈ្មោះសាលារៀនឯករាជ្យទទួលមូលនិធិពីរដ្ឋដែលផ្ដល់សិទ្ធិដោយ Spokane Public Schools (សាលារៀនរដ្ឋនៃខោនធីស្ប៉ូខាន) សូមមើលទីនេះ៖ https://www.spokaneschools.org/page/charter-school-authorization។
ដើម្បីទទួលបានព័ត៌មានបន្ថែម សូមមើលជម្រើសសាលារៀន / កម្រងដំណោះស្រាយនៃការផ្ទេរ និងគេហទំព័ររបស់ OSPI អំពីការផ្ទេរសិស្ស https://www.k12.wa.us/student-success/support-programs/student-transfers។