តើសិស្សចាប់ផ្ដើមការអប់រំពិសេសដោយរបៀបណា?

តើសិស្សចាប់ផ្ដើមការអប់រំពិសេសដោយរបៀបណា?

តើមណ្ឌលមួយស្វែងរកទីតាំងសិស្សដែលត្រូវការសេវាអប់រំពិសេសដោយរបៀបណា?

ក្រោម Individuals with Disabilities Education Act (IDEA, ច្បាប់​ស្ដីពី​ការអប់រំ​បុគ្គល​មាន​ពិការភាព) និង​ច្បាប់​រដ្ឋ​ស្ដីពី​ការអប់រំ​ពិសេស មណ្ឌល​នានា​មាន​ភារកិច្ច​តាមច្បាប់​ក្នុង​ការ​សម្គាល់​សិស្ស​ទាំងអស់​ដែល​រស់នៅ​ក្នុង​មណ្ឌល ដែល​ប្រហែលជា​ត្រូវការ​សេវា​អប់រំ​ពិសេស។ ភារកិច្ច​នេះ​ត្រូវ​បាន​ហៅថា “Child Find (ស្វែងរក​កុមារ)។ មណ្ឌល​នានា​ត្រូវ​មាន​គោលការណ៍ និង​ច្បាប់ទម្លាប់ ដើម្បី​ធានា​ថា​សិស្ស​ដែល​មាន​ពិការភាព​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ ស្វែងរក​ទីតាំង និង​ត្រូវ​បាន​វាយតម្លៃ។

តើកូនរបស់ខ្ញុំអាចត្រូវបានវាយតម្លៃសម្រាប់ការអប់រំពិសេសដោយរបៀបណា?

ចាំបាច់ត្រូវនាំកូនរបស់អ្នកទៅមណ្ឌលសិក្សាធិការ ដើម្បីវាយតម្លៃសម្រាប់ការអប់រំពិសេស។ ដើម្បី​ធ្វើការ​វាយតម្លៃ​សម្រាប់​ការអប់រំ​ពិសេស មណ្ឌល​ត្រូវតែ​សម្រេចចិត្ត​ថាត្រូវ​វាយតម្លៃ​សិស្ស​ណា​ម្នាក់​ឬអត់ បន្ទាប់មក​ស្នើសុំ​ការអនុញ្ញាត ឬការយល់ព្រម​ពី​មាតាបិតា​សិស្ស​នោះ ដើម្បី​ធ្វើការ​វាយតម្លៃ។ មណ្ឌល​សិក្សាធិការ​ត្រូវតែ​វាយតម្លៃ​សិស្ស​លើ​គ្រប់​ផ្នែក​របស់​គាត់​ដែល​សង្ស័យ​ថា​មាន​ពិការភាព។ ការវាយតម្លៃ​ត្រូវតែ​ធ្វើឡើង​ដោយ​ឥតគិតថ្លៃ​ពី​សិស្ស ឬគ្រួសារ។ មាន​ជំហាន​មូលដ្ឋាន​ចំនួន​បី មុន​ពេលធ្វើការ​វាយតម្លៃ៖

ជំហានទី 1 នរណាម្នាក់ដាក់សំណើឱ្យធ្វើការវាយតម្លៃលើសិស្ស។

ជំហានទី 2 មណ្ឌលសម្រេចចិត្តថាចាំបាច់ត្រូវវាយតម្លៃ។

ជំហានទី 3 ផ្ដល់ការយល់ព្រមឱ្យមណ្ឌលធ្វើការវាយតម្លៃ។

តើខ្ញុំអាចដាក់សំណើឱ្យធ្វើការវាយតម្លៃសម្រាប់ការអប់រំពិសេសឱ្យកូនរបស់ខ្ញុំបានដែរទេ?

ក្រោមច្បាប់រដ្ឋវ៉ាស៊ីនតោន មនុស្ស ឬអង្គភាពខាងក្រោមអាចណែនាំសិស្សសម្រាប់ធ្វើការវាយតម្លៃ៖

 • អ្នកណាក៏បានដែលត្រូវនឹងនិយមន័យជាមាតាបិតា។
 • មណ្ឌលសិក្សាធិការ
 • ទីភ្នាក់ងារសាធារណៈផ្សេងទៀត
 • បុគ្គលផ្សេងទៀតដែលអាចដឹងអំពីកុមារ។

តើខ្ញុំណែនាំបន្តដើម្បីឱ្យមានការវាយតម្លៃដោយរបៀបណា?

1. ធ្វើជាលាយលក្ខណ៍អក្សរ។ ការណែនាំ​បន្ត​ត្រូវតែ​ធ្វើជា​លាយលក្ខណ៍​អក្សរ លុះត្រាតែ​បុគ្គល​ដែល​ណែនាំ​បន្ត​នោះ​មិន​អាច​សរសេរ​បាន។ គេ​អាច​សរសេរ​ដោយដៃ និង​មាន​ភាព​សាមញ្ញ។ ត្រូវ​ប្រាកដ​ថា​បាន​ចុះ​កាលបរិច្ឆេទ និង​រក្សាទុក​មួយ​ច្បាប់​ទុកជាឯកសារ។

2. កុំបារម្ភថាលិខិតណែនាំបន្តមិនល្អឥតខ្ចោះ។ គួរ​បារម្ភ​ថាត្រូវ​ធ្វើ​ឱ្យ​បាន​ឆាប់​បំផុត​តាមដែល​អាច​ធ្វើ​បាន។ គ្មានអ្វី​កើតឡើង​ទេ ប្រសិនបើ​គ្មាន​ការណែនាំ​បន្ត ហើយ​កាលបរិច្ឆេទ​ដែល​មណ្ឌល​ទទួល​បានការ​ណែនាំ​បន្ត​នឹង​ចាប់ផ្ដើម​លំដាប់លំដោយ​ពេលវេលា​ដែល​មណ្ឌល​ត្រូវតែ​ធ្វើសកម្មភាព។

3. ស្នើ​ឱ្យ​សាលារៀន​វាយតម្លៃ​សម្រាប់​លក្ខខណ្ឌ​ទទួល​បាន​ក្រោម​ច្បាប់ IDEA និង​ផ្នែក 504 ប្រសិនបើ​សិស្ស​មិន​មាន​លក្ខខណ្ឌ​គ្រប់គ្រាន់​ដើម្បី​ទទួល​បានការ​អប់រំ​ពិសេស​ក្រោម​ច្បាប់ IDEA ទេ គាត់​ប្រហែលជា​មាន​លក្ខខណ្ឌ​គ្រប់គ្រាន់​ដើម្បី​ទទួល​បាន​សេវាកម្ម​ក្រោម​ផ្នែក 504

4. រៀបរាប់​ឱ្យ​ច្បាស់ៗអំពី​ប្រភេទ​បញ្ហា​ដែល​អ្នក​គិតថា​កូន​របស់​អ្នកមាន។ មណ្ឌល​នានា​ត្រូវ​ធ្វើតេស្ត​គ្រប់​ផ្នែក​ទាំងអស់​ដែល​សង្ស័យ​ថា​សិស្ស​មាន​ពិការភាព ដូច្នេះ​ត្រូវ​ប្រាកដ​ថា​អ្នក​រៀបរាប់​អំពី​បញ្ហា​ទាំងអស់។ ឧទាហរណ៍ ប្រសិនបើ​អ្នក​គិតថា​កូន​របស់​អ្នកមាន​បញ្ហា​ពិបាក​ក្នុង​ការ​អាន និង​មាន​បញ្ហា​ផ្លូវ​អារម្មណ៍​ដែល​ចាំបាច់​ត្រូវ​ដោះស្រាយ សូម​ស្នើ​ឱ្យ​វាយតម្លៃ​លើ​ផ្នែក​ទាំងពីរ។

5. ផ្ដល់ឧទាហរណ៍ បញ្ជាក់​អំពី​ការសង្កេត​របស់​អ្នក​ផ្ទាល់ ដើម្បី​រៀបរាប់​មូលហេតុ​ដែល​អ្នក​គិតថា​កូន​របស់​អ្នក​អាច​មាន​ពិការភាព។ ប្រសិនបើ​មាន សូម​ផ្ដល់​ឯកសារ​ដែល​បញ្ជាក់​ថា​កូន​របស់​អ្នក​ប្រហែលជា​ខ្សោយ​លើ​ចំណុច​ណាមួយ ដូចជា​លិខិត​ពី​គ្រូពេទ្យ ឬអ្នកផ្ដល់​សេវា​សុខភាព​ផ្លូវចិត្ត​ជាដើម។

6. ផ្ញើ​ការណែនាំ​បន្ត​ទៅ​នរណា​ម្នាក់​ក្នុង​សាលារៀន ឬមណ្ឌល​ដែល​អ្នក​គិតថា​មាន​សិទ្ធិ​អំណាច ហើយនឹង​ធ្វើសកម្មភាព​បាន​រហ័ស។ ទោះបីជា​ច្បាប់​មិន​បញ្ជាក់​ថា​គួរតែ​ណែនាំ​នរណា​ម្នាក់​ទៅ​បុគ្គល ឬការិយាល័យ​ណាក៏ដោយ យកល្អ​គួរតែ​ផ្ញើ​ទៅ​នរណា​ម្នាក់​ដែល​អ្នក​គិតថា​នឹង​ធ្វើសកម្មភាព​លើ​ករណីនេះ។ ឧទាហរណ៍ អ្នក​ប្រហែលជា​ជ្រើស​យក​ការ​ផ្ញើ​លិខិត​ណែនាំ​បន្ត​ទៅ​នាយក​សាលា ឬប្រធាន​ផ្នែក​អប់រំ​ពិសេស​របស់​មណ្ឌល។

តើមាន​អ្វី​កើតឡើង បន្ទាប់ពី​មណ្ឌល​ទទួល​បានការ​ណែនាំ​បន្ត ដើម្បី​វាយតម្លៃ​សម្រាប់​ការអប់រំ​ពិសេស?

មណ្ឌល​មាន 25 ថ្ងៃ​សិក្សា​ក្នុង​ការសម្រេច​ចិត្ត​ថាត្រូវ​វាយតម្លៃ​លើ​សិស្ស​ឬអត់។ (មិន​មាន​លំដាប់លំដោយ​ពេលវេលា​នៃ​ការវាយតម្លៃ​ក្រោម​ផ្នែក 504 ទេ។ ប្រសិនបើ​មណ្ឌល​មិន​មាន​គោលការណ៍​វាយតម្លៃ​ក្រោម​ផ្នែក 504 ទេ សូម​ប្រើ​លំដាប់លំដោយ​ពេលវេលា​ក្រោម​ច្បាប់ IDEA ជាគោល។) ដើម្បី​សម្រេចចិត្ត​ថាត្រូវ​វាយតម្លៃ​ឬអត់ មណ្ឌល​ត្រូវតែ​ពិនិត្យមើល​កំណត់ត្រា​អប់រំ និង​វេជ្ជសាស្ត្រ​ទាំងឡាយ​ដែល​មានស្រាប់​ក្នុង​ឯកសារ​របស់​សាលារៀន ឬឯកសារ​ដែល​ផ្ដល់​ដោយ​មាតាបិតា ឬអ្នកមើល​ថែ។ បន្ទាប់ពី​មណ្ឌល​បាន​ធ្វើការ​សម្រេចចិត្ត​ថាត្រូវ​វាយតម្លៃ​ឬអត់​រួចហើយ មណ្ឌល​ត្រូវតែ​ផ្ញើ​លិខិត​ជូនដំណឹង​អំពី​ការសម្រេច​ចិត្ត​ទៅ​មាតាបិតា ឬអាណាព្យាបាល។ ប្រសិនបើ​មណ្ឌល​សម្រេចចិត្ត​ថា​មិន​វាយតម្លៃ​ទេ អ្នក​អាច​តវ៉ា​ចំពោះ​ការសម្រេច​ចិត្ត​នោះ​បាន។ សូម​មើល​ផ្នែក​ទី VII នៃ​ឯកសារ​បោះពុម្ព​ផ្សាយ​នេះ ដើម្បី​មើល​ការ​រៀបរាប់​វិ​ធី​ផ្សេងៗក្នុង​ការ​ដោះស្រាយ​វិវាទ​ជាមួយ​មណ្ឌល។

ដើម្បីធ្វើការវាយតម្លៃ តើមណ្ឌលត្រូវការការយល់ព្រមលើអ្វី?

មុនពេលដែលមណ្ឌលអាចវាយតម្លៃលើកុមារណាម្នាក់ជាលើកដំបូង មណ្ឌលត្រូវតែស្នើសុំការអនុញ្ញាតពីមាតាបិតា។ ប្រសិនបើមាតាបិតាបដិសេធ នោះមណ្ឌលអាចស្នើសុំឱ្យបើកសវនាការ ដើម្បីទាត់ចោលនូវការបដិសេធរបស់មាតាបិតា។

តើមានអ្វី​កើតឡើង បន្ទាប់ពី​មណ្ឌល​ទទួល​បានការ​យល់ព្រម​ឱ្យធ្វើ​ការវាយតម្លៃ?

មណ្ឌលសិក្សាធិការមាន 35 ថ្ងៃសិក្សាក្នុងការវាយតម្លៃលើសិស្ស។ ច្បាប់​រដ្ឋ​វ៉ាស៊ីនតោន​ចែងថា បន្ទាប់ពី​មណ្ឌល​ទទួល​បានការ​អនុញ្ញាត​ឱ្យ​វាយតម្លៃ​អំពី​សិទ្ធិ​ទទួល​បានការ​អប់រំ​ពិសេស មណ្ឌល​មាន​ពេល 35 ថ្ងៃ​សិក្សា​ក្នុង​ការ៖

 • វាយតម្លៃពេញលេញលើសិស្ស
 • សម្រេចថាតើសិស្សមានពិការភាពឬអត់
 • កំណត់ថាតើសិស្សត្រូវការសេវាអប់រំពិសេសឬអត់។

មណ្ឌល និង​មាតាបិតា​ក៏អាច​ព្រមព្រៀង​កំណត់ពេលវេលា​ផ្សេងទៀត​ផង​ដែរ ដរាបណា​មណ្ឌល​រៀបចំ​កិច្ច​ព្រមព្រៀង​របស់​មាតាបិតា។ ឧទាហរណ៍ មាតាបិតា​ប្រហែលជា​ចង់​ព្រមព្រៀង​ពន្យារ​លំដាប់លំដោយ​ពេលវេលា ដើម្បី​រង់ចាំ​លទ្ធផល​នៃ​ការវាយតម្លៃ​អំពី​ការអប់រំ​ដោយ​ឯករាជ្យ។ លំដាប់លំដោយ​ពេលវេលា 35 ថ្ងៃ​សិក្សា​ត្រូវ​បាន​លើកលែង បើ​មាតាបិតា​បដិសេធ​ម្ដង​ហើយ​ម្ដងទៀត​មិនព្រម​នាំ​កូន​ទៅ​ធ្វើការ​វាយតម្លៃ ឬបើ​កូន​ប្ដូរ​ទីតាំង​ពី​មណ្ឌល​មួយ​ទៅ​មួយទៀត​ក្នុងអំឡុងពេល​វាយតម្លៃ ដរាបណា​មណ្ឌល​ថ្មី​កំពុង​មានការ​វិវឌ្ឍ​គ្រប់គ្រាន់​ដើម្បី​ធានា​ថា​អាច​បញ្ចប់​ការវាយតម្លៃ​បាន​រហ័ស ហើយ​មាតាបិតា និង​មណ្ឌល​ថ្មី​ព្រមព្រៀង​គ្នា​លើ​លំដាប់លំដោយ​ពេលវេលា​ណាមួយ​ដើម្បី​បញ្ចប់​ការវាយតម្លៃ។

លំដាប់លំដោយពេលវេលាសម្រាប់វាយតម្លៃនៅរដ្ឋវ៉ាស៊ីនតោន

evaltimeline

ការណែនាំបន្ត ដើម្បីវាយតម្លៃសម្រាប់ការអប់រំពិសេស

25 ថ្ងៃសិក្សាក្នុងការសម្រេចចិត្តថាត្រូវវាយតម្លៃលើសិស្សឬអត់

លិខិតយល់ព្រមពីមាតាបិតាឱ្យធ្វើការវាយតម្លៃ

35 ថ្ងៃសិក្សាក្នុងការបញ្ចប់ការវាយតម្លៃ

តើមានអ្វីកើតឡើង ប្រសិនបើកូនរបស់ខ្ញុំប្ដូរទីតាំងក្នុងអំឡុងពេលវាយតម្លៃ?

ប្រសិនបើ​សិស្ស​ប្ដូរ​ទៅ​មណ្ឌល​ផ្សេង​ក្នុង​ឆ្នាំ​សិក្សា​តែមួយ សាលារៀន​មុន និង​ក្រោយ​របស់​សិស្ស​ត្រូវតែ​សម្របសម្រួល​ឱ្យ​បាន​ឆាប់​បំផុត ដើម្បី​ធានា​ថា​អាច​បញ្ចប់​ការវាយតម្លៃ​សម្រាប់​ការអប់រំ​ពិសេស​បាន​រហ័ស។ ច្បាប់​រដ្ឋ​វ៉ាស៊ីនតោន​តម្រូវ​ឱ្យ​មណ្ឌល​ថ្មី​ចាប់ផ្ដើម​ទទួល​កំណត់ត្រា​សិស្ស​នៅពេល​ចុះឈ្មោះ​សិស្ស ហើយ​មណ្ឌល​សិក្សាធិការ​មុន​របស់​សិស្ស​ត្រូវ​ផ្ដល់​ព័ត៌មាន​សំ​ខាន់ៗក្នុងរយៈពេល 2 ថ្ងៃ​សិក្សា និង​កំណត់ត្រា​របស់​សាលារៀន​ឱ្យ​បាន​ឆាប់​បំផុត។

តើការវាយតម្លៃសម្រាប់ការអប់រំពិសេសធ្វើឡើងក្នុងកម្រិតណា?

មណ្ឌលត្រូវតែវាយតម្លៃកុមារលើគ្រប់ផ្នែកដែលសង្ស័យថាមានពិការភាព។ ការវាយតម្លៃ​សម្រាប់​ការអប់រំ​ពិសេស​មាន​គោលបំណង​ពីរ៖ 1) ដើម្បី​កំណត់​សិទ្ធិ​ទទួល​បាន​សេវាកម្ម និង 2) ដើម្បី​កំណត់​អំពី​តម្រូវការ ក៏ដូចជា​ចំណុចខ្លាំង​របស់​សិស្ស ដើម្បី​ឱ្យ​កម្មវិធី​អប់រំ​សម្រប​តាម​បុគ្គល​អាច​រៀបចំ​ទៅ​បាន។ ការដែល​មណ្ឌល​ត្រូវតែ​វាយតម្លៃ​លើ​គ្រប់​ផ្នែក​ទាំងអស់​ដែល​សង្ស័យ​ថា​មាន​ពិការភាព​គឺជា​ចំណុច​សំខាន់​ខ្លាំង​ណាស់។ ជួនកាល​សិស្ស​នឹង​មាន​បញ្ហា​លើស​ពី​មួយផ្នែកទៅ​ទៀត។ មណ្ឌល​អាច​បញ្ឈប់​ការវាយតម្លៃ បន្ទាប់ពី​រក​ឃើញថា​សិស្ស​មាន​លក្ខខណ្ឌ​គ្រប់គ្រាន់​ដើម្បី​ទទួល​បានការ​អប់រំ​ពិសេស​ក្នុង​ផ្នែក​ណាមួយ។ ប្រសិនបើ​ធ្វើការ​វាយតម្លៃ​លើ​ផ្នែក​តែមួយ នោះ​អាច​នឹង​មាន​ព័ត៌មាន​មិន​គ្រប់គ្រាន់​អំពី​តម្រូវការ​ទាំងអស់​របស់​សិស្ស ដើម្បី​រៀបចំ​កម្មវិធី​សម្រប​តាម​បុគ្គល។ ដើម្បី​ទទួល​បាន​គម្រោង​អប់រំ​សមស្រប​បំផុត​សម្រាប់​កូន​របស់​អ្នក សូម​យកចិត្ត​ទុកដាក់​លើ​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការវាយតម្លៃ​របស់​មណ្ឌល ដើម្បី​ឱ្យ​ប្រាកដ​ថា​មាន​ភាព​ល្អិតល្អន់។ សូម​រំលឹក​មណ្ឌល​អំពី​កាតព្វកិច្ច​របស់​ខ្លួន​ក្នុង​ការវាយតម្លៃ​លើ​គ្រប់​ផ្នែក។

តើអាចវាយតម្លៃលើផ្នែកអ្វីខ្លះ ហើយនឹងប្រើប្រភេទតេស្តអ្វីខ្លះ?

មណ្ឌលអាចវាយតម្លៃកុមារលើផ្នែកខាងក្រោម៖

 • សុខភាព (សុខភាពផ្លូវកាយ និងផ្លូវចិត្ត)
 • ភ្នែក
 • ត្រចៀក
 • សុខភាពផ្លូវអារម្មណ៍ និងសង្គម
 • បញ្ញាទូទៅ
 • លទ្ធផលសិក្សា
 • ការប្រាស្រ័យទាក់ទង ការនិយាយ និងភាសា
 • សមត្ថភាពធ្វើចលនារាងកាយ។

ការ​ធ្វើតេស្ត​ដែល​ប្រើ​សម្រាប់​ការវាយតម្លៃ​គួរតែ​មាន​សុពលភាព និង​សមស្រប​សម្រាប់​ផ្នែក​ដែល​ត្រូវ​ធ្វើតេស្ត។ នេះ​មានន័យថា ការ​ធ្វើតេស្ត​ត្រូវ​វាស់​ស្ទង់​ចំណុច​ដែល​ពួក​គេ​ត្រូវ​វាស់​ស្ទង់​ឱ្យ​បាន​ត្រឹមត្រូវ។ ឧទាហរណ៍ Wechsler Intelligence Scale for Children IV (កម្រិត​បញ្ញា​សម្រាប់​កុមារ​កំណែ​ទី​បួន​របស់ Wechsler) (ហៅ​កាត់​ថា​តេ​ស្ត WISC IV) គឺជា​តេ​ស្ត​ប្រើជា​ទូទៅ​ដែល​បង្កើត​ឡើង​សម្រាប់​វាស់​ស្ទង់​បញ្ញា​ទូទៅ។ ជាទូទៅ លទ្ធផល​នៃ​តេ​ស្ត WISC IV មិន​គួរ​ប្រើ​ដើម្បី​វាយតម្លៃ​លើ​ស្ថានភាព​ផ្លូវ​អារម្មណ៍​របស់​កុមារ​ទេ ដោយសារ​គេ​មិន​បង្កើត​វា​ឡើង​សម្រាប់​គោលបំណង​នេះ។ សម្ភារ​ធ្វើតេស្ត និង​វាយតម្លៃ​ត្រូវតែ​ជ្រើសរើស និង​មានការ​គ្រប់គ្រង​ត្រឹមត្រូវ ដើម្បី​កុំឱ្យ​មានការ​រើសអើង​ពូជសាសន៍ វប្បធម៌ ឬភេទ។ លើស​ពីនេះ ការ​ធ្វើតេស្ត និង​សម្ភារ​ត្រូវតែ​ផ្ដល់​ជូន​សិស្ស​ជា​ភាសា​ដើម​របស់​សិស្ស ឬវិធី​ប្រាស្រ័យ​ទាក់ទង​ផ្សេងទៀត (ដូចជា​ភាសា​សញ្ញា) លុះត្រាតែ​មិន​អាច​ធ្វើ​ដូច្នេះ​បាន។ តើ​អ្នក​អាច​ធ្វើអ្វី​បាន? សួរ​សំណួរ​អំពី​ការ​ធ្វើតេស្ត។ ពាក្យពេចន៍​ដែល​ប្រើ​ក្នុង​ការវាយតម្លៃ​អាច​នឹង​ពិបាក​យល់​បន្តិច ដូច្នេះ​តាមរយៈ​ការ​សួរ​សំណួរ អ្នក​អាច​យល់៖

 • គោលបំណងនៃការធ្វើតេស្ត និង
 • ថាតើប្រភេទនៃការធ្វើតេស្តហាក់ដូចជាសមស្របសម្រាប់កូនអ្នកឬអត់។

ស្នើ​សមាជិក​ណា​ម្នាក់​ក្នុង​ក្រុម​វាយតម្លៃ​ឱ្យ​ពន្យល់​អំពី​ការ​ធ្វើតេស្ត​ប្រាប់​អ្នកជា​ភាសា​ងាយ​យល់។ ត្រូវ​ប្រាកដ​ថា​ការ​ធ្វើតេស្ត​អាច​វាស់​ស្ទង់​សមត្ថភាព​បាន​ត្រឹមត្រូវ​ទៅតាម​លទ្ធភាព​វាស់​ស្ទង់​របស់​វា។ ឧទាហរណ៍ ការ​ធ្វើតេស្ត​មួយចំនួន​មាន​លក្ខខណ្ឌ​តម្រូវ​អំពី​អាយុ ជំនាញ​អាន និង​សមត្ថភាព​ផ្នែក​ភាសា ដើម្បី​ឱ្យ​លទ្ធផល​មាន​សុពលភាព។ ប្រសិនបើ​កូន​របស់​អ្នក​នៅក្មេង​ពេក​មិន​អាច​ធ្វើតេស្ត​ជាក់លាក់​បាន មិន​អាច​អាន​ក្នុង​កម្រិត​ចាំបាច់​សម្រាប់​ការ​ធ្វើតេស្ត ឬប្រសិនបើ​ការ​ធ្វើតេស្ត​មិន​ប្រព្រឹត្តទៅ​ជា​ភាសា​ដើម​របស់​កូន​អ្នក​ទេ នោះ​លទ្ធផល​ធ្វើតេស្ត​ប្រហែលជា​គ្មាន​ប្រយោជន៍ និង​មិន​មាន​សុពលភាព​ទេ។

តើអ្នកណានឹងធ្វើតេស្ត?

អ្នកជំនាញដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ក្នុងការធ្វើតេស្តក្នុងផ្នែកដែលសង្ស័យថាមានពិការភាព។ អ្នក​ចិត្តសាស្ត្រ​របស់​សាលារៀន​អាច​ធ្វើតេស្ត​បាន​ច្រើន។ ប៉ុន្តែ​ពិការភាព​ក្នុង​ផ្នែក​មួយចំនួន​នឹង​ត្រូវការ​អ្នក​ចិត្តសាស្ត្រ​ដែល​បាន​ទទួលការ​បណ្ដុះបណ្ដាល​ពិសេស គ្រូពេទ្យ​ផ្នែក​វិកលចរិត អ្នកព្យាបាល​រាងកាយ​/អ្នកព្យាបាល​ការ​និយាយ គ្រូពេទ្យ​ផ្នែក​វេជ្ជសាស្ត្រ ឬបុគ្គល​ដែល​មាន​ជំនាញ​ផ្សេងទៀត។ ប្រសិនបើ​បុគ្គលិក​មណ្ឌល​មិន​អាច​បញ្ចប់​ការវាយតម្លៃ​បានទេ មណ្ឌល​ប្រហែលជា​ត្រូវ​រក​អ្នកជំនាញ​ពី​ខាងក្រៅ​មក​បញ្ចប់​ដំណើរការ​វាយតម្លៃ។ ការវាយតម្លៃ​ពី​ខាងក្រៅ​ទាំងនេះ​គួរតែ​បង់ប្រាក់​ដោយ​មណ្ឌល។ មណ្ឌល​ប្រហែលជា​សួរ​ថា​តើ​សិស្ស ឬគ្រួសារ​មាន​ធានារ៉ាប់រង​ឯកជន ឬមូលនិធិ​ផ្សេងទៀត​ដែល​នឹង​រ៉ាប់រង​លើ​ការ​ចំណាយ​ថ្លៃ​វាយតម្លៃ​ពី​ខាងក្រៅ​ឬអត់។ ប្រសិនបើ​សិស្ស ឬគ្រួសារ​មិន​ចង់​ប្រើ​អត្ថ​ប្រយោជន៍​នៃ​ការធានា​រ៉ាប់រង ឬប្រភព​មូលនិធិ​ផ្សេងទៀត​ទេ មណ្ឌល​នៅតែ​ត្រូវ​រៀបចំ និង​ចំណាយ​ថ្លៃ​ធ្វើតេស្ត​ពី​ខាងក្រៅ​ដែល​ចាំបាច់​ដើម្បី​បញ្ចប់​ការវាយតម្លៃ។

តើមណ្ឌលអាច​ប្រមូល​ព័ត៌មាន​អំពី​សិទ្ធិ​ទទួល​បាន​របស់​កូន​ខ្ញុំ និង​ភាព​ចាំបាច់​ដើម្បី​ទទួល​បានការ​អប់រំ​ពិសេស​តាមវិធី​អ្វីខ្លះ​ទៀត?

មណ្ឌល​ត្រូវតែ​ប្រើ​យុទ្ធសាស្ត្រ និង​ឧបករណ៍​វាយ​តម្លៃ​ផ្សេងៗដើម្បី​ប្រមូល​ព័ត៌មាន​អំពី​ការសិក្សា ការ​វិវឌ្ឍ និង​មុខងារ​ដែល​ពាក់ព័ន្ធ​អំពី​សិស្ស។ ការ​ប្រមូល​ព័ត៌មាន​អាច​មាន​ទាំង​ការអង្កេត​លើ​សិស្ស ការ​សម្ភាស​គ្រួសារ អ្នកមើល​ថែ និង​អ្នក​ផ្សេងទៀត​ដែល​ស្គាល់​សិស្ស។ ច្បាប់ IDEA និង No Child Left Behind Act (ច្បាប់​ស្ដីពី​ការ​មិន​ទុក​កុមារ​ណា​ម្នាក់​ចោល) សង្កត់ធ្ងន់​លើ​ការប្រើ​ប្រាស់​ការវាយតម្លៃ​ក្នុង​ថ្នាក់​សម្រាប់​ការ​ប្រមូល​ព័ត៌មាន។ ជា​ធម្មតា​គេ​ហៅ​ការវាយតម្លៃ​ក្នុង​ថ្នាក់​ទាំងនេះ​ថា វិធានការ​ផ្អែកលើ​កម្មវិធី​សិក្សា។ អ្នក​គួរតែ​សាកសួរ​ថា​តើ​វិធានការ​ផ្អែកលើ​កម្មវិធី​សិក្សា​ត្រូវ​បាន​ប្រើជា​មួយ​កូន​របស់​អ្នក​ឬអត់ ដើម្បី​ឱ្យ​សមាជិក​ទាំងអស់​ក្នុង​ក្រុម​វាយតម្លៃ​អាច​ត្រួតពិនិត្យ​លើ​ការវាយតម្លៃ​ទាំងនេះ ព្រោះ​ជួនកាល​វិធានការ​ផ្អែកលើ​កម្មវិធី​សិក្សា​ត្រូវ​បាន​ធ្វើឡើង​ដោយ​គ្រូបង្រៀន​ផ្នែក​អប់រំ​ទូទៅ ហើយ​មិន​ធ្វើ​រួមគ្នា​ជាមួយ​បុគ្គលិក​ផ្នែក​អប់រំ​ពិសេស​ទេ។

ចុះបើខ្ញុំមិនយល់ស្របនឹងកម្រិត ឬលទ្ធផលនៃការវាយតម្លៃ?

អ្នក​អាច​ស្នើ​ឱ្យ​មានការ​វាយតម្លៃ​លើ​ការអប់រំ​ដោយ​ឯករាជ្យ​ដោយ​មណ្ឌល​ជា​អ្នក​ចំណាយ ប្រសិនបើ​អ្នក​មិន​យល់ស្រប​នឹង​ការវាយតម្លៃ​ទេ។ ប្រសិនបើ​អ្នកមាន​ក្ដី​កង្វល់​អំពី​កម្រិត ឬលទ្ធផល​នៃ​ការវាយតម្លៃ មាន​ចំណុច​មួយចំនួន​ដែល​អ្នក​អាច​ធ្វើ​បាន៖

 • ជជែកជាមួយមណ្ឌល ហើយប្រាប់ពីក្ដីកង្វល់របស់អ្នក។ ស្នើឱ្យមណ្ឌលធ្វើការវាយតម្លៃបន្ថែម ឬបន្តទៀត
 • ស្វែងរក​វិធី​មួយចំនួន​ផ្សេងទៀត​សម្រាប់​ធ្វើការ​វាយតម្លៃ (តើ​កូន​របស់​អ្នកមាន​ធានារ៉ាប់រង​ផ្នែក​វេជ្ជសាស្ត្រ​ដែល​នឹង​រ៉ាប់រង​ថ្លៃ​វាយតម្លៃ​ក្នុង​ផ្នែក​ដែល​ព្រួយបារម្ភ​ឬទេ? មណ្ឌល​ត្រូវតែ​ពិចារណា​លើ​ការវាយតម្លៃ​ពី​ខាងក្រៅ។)
 • ស្នើឱ្យមានការវាយតម្លៃលើការអប់រំដោយឯករាជ្យដោយមណ្ឌលជាអ្នកចំណាយ ហើយសុំបញ្ជីឈ្មោះអ្នកវាយតម្លៃពីមណ្ឌល
 • ពិចារណា​អំពី​ជម្រើស​ដោះស្រាយ​វិវាទ​ផ្លូវការ​ច្រើន​ទៀត ដូចជា​ការសម្រុះសម្រួល ការ​ប្ដឹងតវ៉ា ឬសវនាការ​ដំណើរការ​មានកាល​កំណត់។ សូម​មើល​ផ្នែក​ទី VII នៃ​ឯកសារ​បោះពុម្ព​ផ្សាយ​នេះ ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម​អំពី​ដំណោះស្រាយ​ចំពោះ​វិវាទ។

តើមានអ្វី​កើតឡើង ប្រសិនបើ​ខ្ញុំ​ស្នើ​ឱ្យ​មាន ការវាយតម្លៃ​លើ​ការអប់រំ​ដោយ​ឯករាជ្យ​ដោយ​រដ្ឋ​ជា​អ្នក​ចំណាយ?”

មណ្ឌល​ត្រូវតែ​ផ្ដល់​តាម​សំណើ ពុំ​នោះ​ទេ​ត្រូវ​បើកសវនាការ ដើម្បី​បង្ហាញថា​ការវាយតម្លៃ​របស់​ខ្លួន​មាន​ភាព​សមស្រប។ ការវាយតម្លៃ​លើ​ការអប់រំ​ដោយ​ឯករាជ្យ​មានន័យថា​ជា​ការវាយតម្លៃ​ដែល​ធ្វើឡើង​ដោយ​បុគ្គល​មាន​លក្ខណ​សម្បត្តិ​គ្រប់គ្រាន់ ដែល​មិនមែន​ជា​បុគ្គលិក​របស់​មណ្ឌល​ទទួលបន្ទុក​លើ​ការអប់រំ​សិស្ស​នោះ។ តាម​ការ​ស្នើសុំ មណ្ឌល​ត្រូវតែ​ផ្ដល់​ព័ត៌មាន​អំពី​កន្លែង​ដែល​អាច​ទទួល​បានការ​វាយតម្លៃ​ដោយ​ឯករាជ្យ​ដល់​មាតាបិតា។ មាតាបិតា​មាន​សិទ្ធិ​ជ្រើសរើស​អ្នក​ដែល​ធ្វើការ​វាយតម្លៃ។ មណ្ឌល​មាន​ពេល 15 ថ្ងៃ​នៃ​ប្រតិទិន​ក្នុង​ការ​ស្នើសុំ​បើកសវនាការ​ដំណើរការ​មានកាល​កំណត់ ប្រសិនបើ​ខ្លួន​ជំទាស់​នឹង​សំណើសុំ​ធ្វើការ​វាយតម្លៃ​ដោយ​ឯករាជ្យ។ ប្រសិនបើ​មណ្ឌល​មិន​ស្នើសុំ​បើកសវនាការ​ក្នុងរយៈពេល 15 ថ្ងៃ​នៃ​ប្រតិទិន​ទេ មណ្ឌល​ត្រូវតែ​បង់ប្រាក់​ថ្លៃ​វាយតម្លៃ​ដោយ​ឯករាជ្យ ឬធានា​ថា​ផ្ដល់​ការវាយតម្លៃ​ដោយ​គ្មាន​ការ​គិតថ្លៃ​ពី​សិស្ស ឬគ្រួសារ។ ប្រសិនបើ​មន្ត្រី​សវនាការ​កំណត់​ថា ការវាយតម្លៃ​របស់​មណ្ឌល​មាន​ភាព​សមស្រប មាតាបិតា​នៅតែ​មាន​សិទ្ធិ​ស្នើសុំ​ការវាយតម្លៃ​ដោយ​ឯករាជ្យ​ដដែល ប៉ុន្តែ​មណ្ឌល​មិន​ចាំបាច់​បង់ថ្លៃ​វាយតម្លៃ​នោះ​ទេ។ មណ្ឌល​នៅតែ​ត្រូវ​ពិចារណា​អំពី​លទ្ធផល​នៃ​ការវាយតម្លៃ​ដោយ​ឯករាជ្យ ទោះបីជា​ខ្លួន​មិន​ចាំបាច់​បង់ថ្លៃ​វាយតម្លៃ​នោះ​ក៏ដោយ។